(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, កាលពីយប់ថ្ងៃអង្គារ៍ទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត៖ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)»។
តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីផងដែរ។
ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីគាំទ្រនូវចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីមួយ ជាអង្គការអន្តរជាតិមួយ សម្រាប់កិច្ចសហការផ្នែកនីតិកម្មក្នុងតំបន់អាស៊ីនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ការចូលរួមសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហការក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម និងការកសាងសមត្ថភាពលើវិស័យនីតិកម្មក្នុងបរិការណ៍នៃការវិវត្តឥតឈប់ឈរក្នុងវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត។
ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និង សន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដើម្បីក្លាយជាសហស្ថាបនិកនៃក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងដើម្បីកសាងនិងពង្រឹងសមត្ថភាពផ្នែកនីតិកម្មរបស់កម្ពុជាបន្ថែមទៀត ជាពិសេសលើការកសាងច្បាប់ដ៏មានប្រសិទ្ធភាព សំដៅពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្ត និងសុខដុមនីយកម្មនៃប្រព័ន្ធច្បាប់កម្ពុជាជាមួយនឹងប្រព័ន្ធច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងសកលលោក ដែលជាកាតាលីករដ៏សំខាន់ និងចាំបាច់ សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលថ្មី៕