លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា អាមេរិក បានស្នើសុំឱ្យអ៊ីស្រាអែល ពន្យល់ពីការវាយប្រហារ លើអគារលំនៅដ្ឋានមួយកន្លែង នៅភាគខាងជើងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ៩៣នាក់បានស្លាប់នឹងបាត់ខ្លួន។
នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០២៤។
ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បានឱ្យដឹងថា មនុស្សរាប់សិបនាក់ បានរងរបួសក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើទីប្រជុំជន Beit Lahiya កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Miller ថាអះអាងពីចំនួនអ្នកស្លាប់ជាក់លាក់បានទេ ប៉ុន្តែអាមេរិក កំពុងស្វែងរកព័ត៌មានបន្ថែម។ លោក បានបញ្ជាក់ថា វាជាឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត។
ទីក្រុងវ៉ាស៉ីនតោន បានទាក់ទងទៅកាន់មន្ត្រីអ៊ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលបានកើតឡើង និងលើកជាសំណួរឡើងថា តើអ្វីទៅជាលទ្ធផលដែលអ៊ីស្រាអែលទទួលបាន ពីការវាយប្រហារដែលបណ្តាលឱ្យកុមារស្លាប់ជាច្រើននាក់នោះ? ហើយមិនទាន់ទទួលបានចម្លើយ ចំពោះសំណួរនោះនៅឡើយទេ។
គួររំលឹកថា កាលពីដើមខែតុលានេះ រដ្ឋបាលលោក បៃដិន បានផ្ញើលិខិតមួយច្បាប់ទៅអ៊ីស្រាអែល ដើម្បីឱ្យចាត់វិធានការ រយៈពេល ៣០ថ្ងៃ ដើម្បីកែប្រែស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា៕