Update៖ កូរ៉េខាងត្បូង ព្រមានកូរ៉េខាងជើង ដែលបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀត!

កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍(ទី៣១ ខែតុលា) បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ។
ដែលជាការធ្វើតេស្ដអាវុធជាលើកដំបូងបំផុតរបស់ទីក្រុង ព្យុងយ៉ាង ចាប់តាំងពីត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនទ័ពទៅរុស្ស៊ី។
នេះបើតាមសារព័ត៌មាន AFP។
កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃពុធម្សិលមិញ បានព្រមានទៅកាន់កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬក៏អាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅសប្ដាហ៍ក្រោយ។
ការធ្វើតេស្ដមីស៊ីលនៅពេលនេះដែរ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រមុខការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអំពាវនាវ ឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៊ី ជាមួយការព្រមានថាកងទ័ពកូរ៉េខាងជើងដែលស្លៀកឯកសណ្ឋានកងទ័ពរុស្ស៊ីកំពុងត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះថា យោធារបស់យើងចាប់បានសញ្ញាថាមីស៊ីលបាលិស្ទីគមួយគ្រាប់ត្រូវបានបាញ់ ចេញពីតំបន់នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រខាងកើត នៅម៉ោងប្រហែល ៧៖១០នាទីព្រឹក ថ្ងៃនេះ…ហើយមីស៊ីលនេះដែរទំនងជាមីស៊ីលរយៈចម្ងាយឆ្ងាយ។
គួររំលឹកថា ជប៉ុន ក៏បានទទួលស្គាល់ផងដែរថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីល ដោយក្រសួងការពារជាតិបញ្ជាក់ថាមីស៊ីលនេះហោះបានឆ្ងាយជាងមីស៊ីលមុនៗ ដែលកូរ៉េខាងជើងបានធ្វើ តេស្ដមួយរយៈពេលកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *