សម្តេចធិបតី អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប

(ភ្នំពេញ)៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក៏ដូចជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបដល់អាយុចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមតេយ្យសិក្សានិងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់សិស្សានុសិស្សដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

នៅក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version