Update៖ នៅសប្ដាហ៍ក្រោយ លោក បៃដិន នឹងជួប លោក ត្រាំ នៅឯសេតវិមាន!

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងជួប លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតនៅឯសេតវិមាននាសប្ដាហ៍ក្រោយនេះ បន្ទាប់ពីលោក បៃដិន សន្យាថានឹងផ្ទេរអំណាច ដោយរលូនទៅឱ្យលោក ត្រាំ ដែលលោកធ្លាប់បានផ្ដួលក្នុងការបោះឆ្នោតកាលពីជាង៤ឆ្នាំមុន។

ប្រភពពីសារព័ត៌មាន AFP។

លោក ត្រាំ មិនបានទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយយកឈ្នះលើ លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ជំនួបរវាងប្រធានាធិបតីកំពុងតែកាន់អំណាច និងប្រធានាធិបតីជាប់ឆ្នោតថ្មី គឺជាប្រពៃណីមួយរបស់អាមេរិក។ ប៉ុន្តែលោក ត្រាំ មិនបានអញ្ជើញ និងជួបជាមួយលោក បៃដិន នៅឯសេតវិមាននោះទេ បន្ទាប់ពីលោកបរាជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលលោកផ្ទាល់ចោទថាមានការលួចបន្លំសន្លឹកឆ្នោត។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏មិនបានទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិននោះដែរ។ ប៉ុន្តែនៅលើកនេះ ខាងសេតវិមានបានបញ្ជាក់ថាលោក បៃដិន នឹងទៅចូលរួមពិធីស្បថ ចូលកាន់តំណែងរបស់លោក ត្រាំ។
គួរជម្រាបថា សេតវិមានកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ក៏បានបញ្ជាក់ដែរថាជំនួបរវាងលោក បៃដិន ជាមួយលោក ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍ក្រោយកន្លែងការិយាល័យពងក្រពើនៃសេតវិមាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version