(ភ្នំពេញ)៖ បុរសម្នាក់បានចេញពីផឹកក្នុងហាងមួយកន្លែង រួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្រវឹងជោកហើយក៏ទៅបុកម៉ូតូដែលកំពុងធ្វើដំណើរចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូបោកផ្ទប់នឹងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់កស្លាប់មួយរំពេច។ ចំណែកម៉ូតូជាប់ពីមុខរថយន្តអូសទៅមុខជាង២០០ម៉ែត្រ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡេីងនៅម្តុំមុខណាហ្គា២ តាមផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីវេលាម៉ោង៤:០០ទៀបភ្លឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូហុងដាScoopy ពណ៌ក្រហម១គ្រឿងផ្លាកលេខភ្នំពេញ 1BV-1140 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវរដ្ឋសភាពីត្បូងទៅជើង។ពេលមកដល់ចំណុចខាងលើស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Toyota Prius ពណ៌សផ្លាកលេខ ភ្នំពេញ 2BG-0883 បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកក៏បុកម៉ូតូចំពីក្រោយពេញទំហឹងធ្វើឱ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូផ្លោងឡើងទៅបោកផ្ទប់នឹងកញ្ចក់ផ្ទ្នែកខាងមុខរថយន្តធ្លាក់មកក្រោមលើដងផ្លូវបាក់កស្លាប់មួយរំពេច ។ រីឯម៉ូតូវិញជាប់តាមរថយន្តអូសទៅមុខប្រមាណជាង២០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋតាមឃាត់បានទាំងតៃកុងនិងរថយន្តទុកប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ។យកទៅធ្វើបុណ្យតាមប្រពៃណី៕