តុលាកាខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធករណី ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់!

(ស្ទឹងត្រែង)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៥៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនសរុប១១៧គីឡូក្រាម។
ជាក់ស្ដែងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដែលបានសហការជាមួយនឹងកម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជាតិឡាវម្នាក់ និងដកហូតវត្ថុតាងរួមមាន សារធាតុញៀនចំនួន១១៧ គីឡូក្រាម ជាប្រភេទសារធាតុញៀនមេតំហ្វេតាមីន (WY) រថយន្តចំនួន ១ គ្រឿង និងទូរស័ព្ទចំនួន៣គ្រឿង។
បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិឡាវម្នាក់នោះ ព្រមទាំងបក្ខពួកមួយចំនួនផ្សេង ទៀត ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងគ្រៀល ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងបានបញ្ជូន សំណុំរឿងទៅចៅក្រមស៊ើបសួរនសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version