ការចរចារប្រវត្តិសាស្ត្រមួយបាននាំឲ្យកើតឡើងនូវកិច្ចព្រមព្រៀងដំណាក់កាលទី១នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រ។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាជំហានដំបូងសម្រាប់ការបញ្ចប់សង្គ្រាមយូរឆ្នាំនៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Al Jazeeraនៅថ្ងៃទី១០ខែតុលា។
ក្នុងការប្រកាសតាមទូរទស្សន៍ ស្ថានីយ Al Jazeera បានបញ្ជាក់ថា ក្រុមហាម៉ាសបានទទួលការធានាពីសហរដ្ឋអាមេរិក និងប្រទេសអ្នកសម្រុះសម្រួលថា កិច្ចព្រមព្រៀងនេះមានន័យថាសង្គ្រាមនៅហ្គាហ្សាបានបញ្ចប់ទាំងស្រុងហើយ។ លោក Khalil al-Hayya ប្រធានក្រុមចរចាររបស់ក្រុមហាម៉ាស បាននិយាយថា ការធានានេះគឺជាចំណុចសំខាន់បំផុតក្នុងការទទួលយកលក្ខខណ្ឌឈប់បាញ់។
តាមផែនការ អ៊ីស្រាអែលនឹងដកកងទ័ពចេញពីតំបន់ខ្លះនៃហ្គាហ្សា ហើយនឹងចាប់ផ្តើមផ្លាស់ប្តូរឈ្លើយសឹកជាមួយក្រុមហាម៉ាស។ ការបញ្ឈប់ប្រយុទ្ធនឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេល ២៤ ម៉ោង ខណៈដែលក្រុមហាម៉ាសនឹងមានរយៈពេល ៧២ ម៉ោង ដើម្បីដោះលែងអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែល។
ទោះយ៉ាងណា ការអនុម័តនេះមិនមានភាពស្មើគ្នាទាំងស្រុងទេ។ ក្រុមស្តាំនិយមនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលបានប្រឆាំងយ៉ាងខ្លាំង។ លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិ បាននិយាយទៅកាន់នាយករដ្ឋមន្ត្រី Benjamin Netanyahu ថា គាត់នឹងមិនស្ថិតនៅក្នុងរដ្ឋាភិបាលណាមួយដែលអនុញ្ញាតឱ្យការគ្រប់គ្រងរបស់ក្រុមហាម៉ាសបន្តនៅហ្គាហ្សានោះឡើយ។ ការបែកបាក់មតិរបស់អ្នកនយោបាយអ៊ីស្រាអែលកំពុងបង្ហាញថា ផ្លូវឆ្ពោះទៅសន្តិភាពនៅតែមិនងាយស្រួលឡើយ។
ទោះបីជាបទឈប់បាញ់នេះត្រូវបានគេចាត់ទុកថាជាការឈប់សម្រាកដំបូងប៉ុណ្ណោះក៏ដោយ ក្តីសង្ឃឹមថានឹងនាំឱ្យមានសន្តិភាពយូរអង្វែងនៅតំបន់ហ្គាហ្សាកំពុងកើតឡើងវិញ៕