Update៖ អាមេរិកថា កងទ័ពកូរ៉េខាងជើងចាប់ផ្ដើមជួយរុស្ស៊ីនឹងប្រយុទ្ធដោយផ្ទាល់ជាមួយអ៊ុយក្រែន!

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា)បាននិយាយថា កងទ័ពកូរ៉េខាងជើងចាប់ផ្ដើមចូលរួមជាមួយកងទ័ពរុស្ស៊ីដើម្បីប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
ប្រភពពីសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ដូច្នេះថា នៅថ្ងៃនេះ ខ្ញុំអាចបញ្ជាក់បានថាកងទ័ព DPRK (កូរ៉េខាងជើង) ជាង ១០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតរុស្ស៉ី ហើយភាគច្រើននៃកងទ័ពទាំងនេះត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk ជាទីដែលពួកគេចាប់ផ្ដើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធរួមគ្នា ជាមួយកងទ័ពរុស្ស៉ី។

នេះគឺជាលើកដំបូងបំផុតដែលអាមេរិកទទួលស្គាល់ថាកងទ័ពកូរ៉េខាងជើង បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ បន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែនកាលពីពេលថ្មីៗនេះបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប្រឈមមុខជាមួយកងទ័ពកូរ៉េខាងជើង នៅលើសមរភូមិ។ ភ្លាមៗ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងការអះអាងរបស់អាមេរិកនៅឡើយទេ។

បើតាមលោក Patel រុស្ស៊ីបានបណ្ដុះបណ្ដាលកងទ័ពកូរ៉េខាងជើងពីបៀបបាញ់កាំភ្លើងធំ ដ្រូន និងជំនាញពិសេសៗដទៃទៀត សម្រាប់ការធ្វើប្រតិបត្តិការនៅសមរភូមិមុខ ប៉ុន្តែ គេត្រូវរង់ចាំមើលសិនថាតើកងទ័ពកូរ៉េខាងជើង និងរុស្ស៉ី អាចសហការគ្នាប្រយុទ្ធបានល្អប្រសើរដល់កម្រិតណា។ លោក Patel បានបន្ថែមដូច្នេះថា នៅមានបញ្ហាប្រឈមមួយចំនួនដែលពួកគេ ត្រូវជម្នះឱ្យបាន ក្នុងនោះរួមមានអន្តរប្រតិបត្តិការ និងភាសាប្រាស្រ័យទាក់ទងគ្នាជាដើម។

គួររំលឹកថា រុស្ស៊ីកំពុងព្យាយាមវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់ទឹកដីរុស្ស៊ីមួយចំនួនក្នុងតំបន់នេះ នៅក្នុងប្រតិបត្តិការ វាយលុកដ៏ភ្ញាក់ផ្អើលមួយ កាលពីខែសីហាកន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version