Update៖ អាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទីរយ:ពេល១ខែ!

អាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ចេញពីរដ្ឋ Florida ទៅដល់ទីក្រុង Port-au-Prince បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនីក។ អ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវរងរបួសស្រាល ហើយបើតាមរូបភាពបង្ហោះលើអ៉ីនធឺណេត ឃើញមានគ្រាប់កាំភ្លើងជាច្រើន នៅខាងក្នុងយន្តហោះ។

ដោយឡែក យន្តហោះ ២គ្រឿងផ្សេងទៀតដែលចាកចេញពីទីក្រុង Port-au-Prince កាលពីថ្ងៃចន្ទ ក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះទាំងពីរបានចុះចតដោយសុវត្ថិភាព។ វាជាជើងហោះហើរ JetBlue ទៅកាន់អាកាសយានដ្ឋាន JFK ក្នុងទីក្រុង New York និងជើងហោះហើរ American Airlines ទៅកាន់ Miami សហរដ្ឋអាមេរិក។

សូមជម្រាបថា ការបាញ់ប្រហារនេះបញ្ជាក់ពីភាពចលាចលដែលកំពុងគ្របដណ្តប់ប្រទេសហៃទី ខណៈនាយករដ្ឋមន្ត្រីថ្មី ទើបនឹងបានឡើងកាន់អំណាច៕

Leave a Reply

Your email address will not be published. Required fields are marked *