Update៖ មេដឹកនាំអ៊ីរ៉ង់ ស្នើឲ្យស្តេច ប៉ាប ប្រើឥទ្ធិពលលោកជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា!

ទីភ្នាក់ងារសារព័ត៌មាន Farsរបស់អ៊ីរ៉ង់ បានប្រាបឱ្យដឹងកាលពីថ្ងៃពុធ(ទី២០ខែវិច្ឆិកា)នេះថា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវដល់សម្តេចប៉ាប Francis ឱ្យប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីជួយបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា។

លោក Pezeshkian បានស្នើឱ្យសម្តេចប៉ាបជំរុញឱ្យមេដឹកនាំពិភពលោក ជាពិសេសរដ្ឋាភិបាលគ្រីស្ទាន ចូលរួមទប់ស្កាត់អំពើឈ្លានពានរបស់អ៊ីស្រាអែល។
លោក Pezeshkian បានសរសេរនៅក្នុងសារមួយ ទៅកាន់សម្តេចប៉ាប ដូច្នេះថា «លើកទឹកចិត្តមេដឹកនាំពិភពលោក ជាពិសេសរដ្ឋាភិបាលគ្រីស្ទាន ដើម្បីទប់ស្កាត់ការបន្តនៃការឈ្លានពានដែលធ្វើឡើងដោយរបបអ៊ីស្រាអែលឧក្រិដ្ឋកម្ម»។
សារនេះ ត្រូវបានបញ្ជូនទៅកាន់សម្តេចប៉ាប តាមរយៈគណៈប្រតិភូអ៊ីរ៉ង់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សន្ទនាសាសនានៅបុរីវ៉ាទីកង់។ អ៊ីរ៉ង់ និងរដ្ឋាភិបាលកណ្តាលនៃព្រះវិហារកាតូលិកដែលមានទីតាំងនៅទីក្រុងរ៉ូម Holy See មានទំនាក់ទំនងការទូតជាផ្លូវការ តាំងពីឆ្នាំ ១៩៥៤ មកម្ល៉េះ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសម្តេចប៉ាប Francis បានរិះគន់សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងបានលើកឡើងពីសំណួរអំពីលទ្ធភាពនៃការប្រល័យពូជសាសន៍៕

Leave a Reply

Your email address will not be published. Required fields are marked *