ប្រសាសន៍របស់សម្តេចតេជោ ក្នុងពិធីបើកមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី(ICAPP)

(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នឹងជួបជុំគ្នាលើទឹក​ដី​កម្ពុជា ។

ដើម្បីបើកកិច្ច​ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយ​ជម្លោះ។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP នៅឆ្នាំ២០០៣។
ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​មហា​សន្និ​បាត​របស់ ICAPP។
មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើង​ក្រោម​​ប្រធានបទ ការស្វែងរកសន្តិភាព និងការផ្សះផ្សា។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមក​ពី១១​ប្រទេសចូលរួមផងដែរ។

ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។

ក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងថា ពេល ICAPP ចាប់កំណើត សម្តេចប្រៀបដូចជាថ្ងៃមិនទាន់ថ្ងៃត្រង់នៅឡើយទេ។
តែ២៤ឆ្នាំក្រោយ សម្តេចប្រៀបដូចជាថ្ងៃរសៀល តែមិនទាន់ដល់ថ្ងៃលិចទេ សង្ឃឹមមានពេល១០ឆ្នាំ៣ដងទៀត ដើម្បីបានមើលពិភពលោកដ៏ទូលាយ។

សម្ដេចតេជោ បានថ្លែងថា ប្រធានបទនៃមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជា ដែលបានឆ្លងកាត់ និងមានបទពិសោធន៍ដោយផ្ទាល់ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្ដិភាពពេញលេញជូនជាតិមាតុភូមិ។

សម្តេចតេជោ បានថ្លែងថា សម្តេចមានមោទនភាពដែលមហាសន្និបាតរយៈពេល១២ដង កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ២ដង ហើយសង្ឃឹមថាកម្ពុជានឹងមានឱកាសធ្វើលើកទី៣។

សម្តេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយសបានស្វាគមន៍ចំពោះគណៈប្រតិភូមកពីជាង៥០ប្រទេស។

សម្តេចតេជោ បានថ្លែងទទួស្គាល់ថា ICAPP បានពង្រីកខ្លួនយ៉ាងរហ័សទាំងទំហំ និងឥទ្ធិពលនយោបាយ។
សម្តេចតេជោ បានរំលឹកថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន តែអ៊ុនតាក់សម្រេចមិនបាននោះទេ។
ពេលអ៊ុនតាក់ដកចេញទៅវិញ កម្ពុជានៅមានតំបន់​ពីរ​ប្រយុទ្ធគ្នា ដែលតម្រូវឱ្យកម្ពុជាប្រឹងប្រែងដោះស្រាយដោយខ្លួនឯង។

សម្តេចតេជោ បានថ្លែងថា យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព។
ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយមិនគិតពីសុខសន្តិភាព គឺមិនអាចសម្រេចបាននោះឡើយ ហើយអាចធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងវិបត្តិវិញ។
សម្តេចតេជោ បានថ្លែងថា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភាពប្រកបដោយនិរន្តរភាព។

សម្តេចតេជោ បានថ្លែងថា ប្រសិនបើកម្ពុជា មិនគ្រប់គ្រងលើ​អធិប​តេយ្យរបស់ខ្លួនទេ អាចនឹងអន្តរាយដោយការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតដល់ការផ្សះផ្សាជាតិ។
សម្តេចតេជោ បានថ្លែងថា ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។

សម្តេចតេជោ បានថ្លែងថា ការស្វែងរកយុត្តិធម៌ប្រញាប់ប្រញាល់ ដោយមិនគិតពីសន្តិភាព មិនមែនជាជម្រើសរបស់សម្តេចនោះឡើយ។
សម្តេចតេជោ បានថ្លែងថា ការប្រើយុទ្ធសាស្ត្រ DIFID មិនមែនជារឿងហួសហេតុនោះឡើយ ដើម្បីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា។

សម្តេចតេជោ បានថ្លែងថា ចុងក្រោយមានការប៉ុនប៉ងចង់ធ្វើបដិវត្តន៍ពណ៌ជាថ្មីនៅកម្ពុជា បន្ទាប់ពីការអនុវត្តន៍ជោគជ័យនៅបង់ក្លាដេស។
ប៉ុន្តែសម្តេចបានស្គាល់រួចទៅហើយពីរូបមន្តបដិវត្តន៍ពណ៌ ហើយត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ។

សម្តេចតេជោ បានថ្លែងថា សម្តេចតែងតែរំលឹកទៅបណ្តាប្រទេសអះអាងថាជាបិតាប្រជាធិបតេយ្យកុំសាងកំហុសលើកទី៣នៅកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version