Update៖ តេឡេក្រាម កំពុងតែមមាញឹកក្នុងការលុបរូបភាពអាសអាភាសបែកធ្លាយ នៅកូរ៉េខាងត្បូង!

រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram បន្ទាប់ពីលោក Pavel Durov ស្ថាបនិកនិងជានាយកប្រតិបត្តិCEOត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។ ការស៊ើបអង្កេតរបស់អាជ្ញាធរកូរ៉េគឺផ្ដោតសំខាន់លើការចែកចាយនិងបែកធ្លាយរូបភាពនិងវីដេអូអាសអាភាសក្នុងទម្រង់ក្លែងបន្លំ។

គិតមកដល់ពេលនេះ លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់បានបង្ហាញនោះទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក The Korea Times បានចុះ ផ្សាយដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យ Telegram ថា នៅពេលនេះ Telegram បាននិងកំពុងតែមមាញឹកក្នុងការលុបចោល នូវមាតិកាក្លែងបន្លំលើរូបភាពនិងវីដេអូអាសអាភាសខណៈដែលប្រភពផ្ទៃក្នុងបានបង្ហើបឱ្យដឹងថាកម្មវិធីមួយនេះអាចប្រឈមមុខនឹងផ្លូវច្បាប់ច្រើនករណីនៅក្នុងប្រទេសកូរ៉េខាងត្បូង បើសិនជាមិនព្រមទទួលសំណើ និងសហការជាមួយរដ្ឋាភិបាល។
គណៈកម្មការទំនាក់ទំនងកូរ៉េដែលជាទីភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកំពុងជំរុញឱ្យក្រុមហ៊ុនពង្រឹងការត្រួតពិនិត្យរបស់ខ្លួន លើខ្លឹមសារបែបនេះ។ លោក Kim Tae-gyu ប្រធានស្តីទីនៃអង្គការនេះបាននិយាយថា Telegram គួរតែ «មានទំនួលខុសត្រូវបន្ថែមទៀត» ក្នុងការគ្រប់គ្រងអ្វីដែលត្រូវបានចែករំលែកនៅលើវេទិការបស់ខ្លួន ជាពិសេសចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការផ្តោតការយកចិត្តទុកដាក់លើខ្លឹមសារក្លែងបន្លំផ្លូវភេទស្ត្រី រួមទាំងអនីតិជន។
អស់រយៈពេលជាច្រើនឆ្នាំ Telegram គឺជាវេទិកាដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋជន និងអ្នកផ្សេងទៀតដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬផ្សព្វផ្សាយខ្លឹមសារដែលបង្កគ្រោះថ្នាក់ ខណដែល កម្មវិធីមួយនេះ គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការ ការពារទៅលើគោលការណ៍ ឯកជនភាពអ្នកប្រើប្រាស់ (រួមមាន end-to-end encryption) ប៉ុន្តែ Telegram គឺភាគច្រើនមិនអើពើនឹងសំណើ កិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយឡើយ សូម្បីតែមកដល់បច្ចុប្បន្ន នេះ។
អាជ្ញាធរកូរ៉េបានស្នើឱ្យ Telegram លុបចោល និងទប់ស្កាត់ការចែកចាយរូបភាពជនរងគ្រោះតាំងពីខែតុលា ប៉ុន្តែហាក់មិនខ្វល់ នឹង សំណើនោះឡើយ ខណៈដែលរូបភាពជនរងគ្រោះត្រូវបានបន្តចែកចាយជាហូរហែ។
គួរបញ្ជាក់ផងដែរថា ក្រោយពីលោក Pavel Durov ត្រូវបានចាប់ខ្លួន ប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ជុំវិញបទឧក្រិដ្ឋជំរិតទារប្រាក់, ល្បែងស៊ីសង, ចែកចេញរូបភាពអាសអាភាស និងការក្លែងបន្លំ ក្រោយមកក៏បានពង្រីកវិសាលភាព នៃការស៊ើបអង្កេតឱ្យកាន់តែស៊ីជម្រៅជាងមុខ បន្ទាប់ពីរកឃើញថា មានករណីឆបោក និងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរផ្សេងៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version