ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២!

(ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ ការស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពី៤៥ប្រទេសផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និង មោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និង លទ្ធផលជាផ្លែផ្កា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបានធ្វើការកត់សម្គាល់ដោយការពេញចិត្តជាខ្លាំង ចំពោះការអនុម័តលើសេចក្តីប្រកាសសន្តិភាពរាជធានីភ្នំពេញ និង សេចក្តីថ្លែងការណ៍របស់ ACC ដែលបានបង្ហាញពីបំណងប្រាថ្នា, ការប្តេជ្ញាចិត្ត និង កិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងចំណោមគណបក្សនយោបាយជាសមាជិកនៃ ICAPP ដើម្បីឆ្ពោះទៅស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលទាំងនេះជាប្រធានបទនៃមហាសន្និបាតលើកទី១២នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើការជំរុញសន្តិភាព, ការលើកកម្ពស់ការផ្សះផ្សា, សហវិជ្ជមាន, អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នា សម្រាប់មនុស្សជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រួបបង្រួមជាតិ និងសន្ដិភាពពេញលេញនៅចុងខែធ្នូ ឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ប្រកបដោយប្រសិទ្ធភាព, ការកែទម្រង់ស៊ីជម្រៅ និងពេញលេញលើក្របខ័ណ្ឌច្បាប់, ស្ថាប័ន និង គោលនយោបាយ, និង ការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងសហគមន៍តំបន់ និងពិភពលោក ឡើងវិញ ដែលបានអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលត្រូវបានគេស្គាល់ថា ជាសាលាក្តីខ្មែរក្រហម បានផ្តល់នូវ «យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ និង សន្តិភាពសម្រាប់អ្នករស់រានមានជីវិត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលសលោក និង ការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានឆ្លុះបញ្ជាំងពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និង កំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត, ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និង ជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជាកិច្ចការរួមគ្នា។ ដូចនេះសូមអំពាវនាវដល់ប្រទេស, ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និង ស្វែងរកសន្តិភាពយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជឿជាក់ថា ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត។ រួមគ្នាយើងឈ្នះ, រួមគ្នាយើងរីកចម្រើនឥតឈប់ឈរ និងយ៉ាងជ្រាលជ្រៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version