នៅថ្ងៃសៅរ៍(ទី២៣ ខែវិច្ឆិកា) លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា អាមេរិករំពឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដែលកំពុងប្រមូលផ្តុំនៅឯប្រទេសរុស្ស៊ីនឹងចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន នាពេលឆាប់ៗ។
ប្រភពពីសារព័ត៌មាន AFP។
លោក Austin បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០នាក់ ត្រូវបានជឿថា កំពុងឈរជើងនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយនៅទីនោះ ពួកគេកំពុងស្ថិតក្នុងដំណាក់កាល រួមបញ្ចូល ទៅក្នុងទម្រង់នៃកងទ័ពរបស់រុស្ស៊ី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចនៅប្រទេសដែនកោះហ្វីជី នៃតំបន់ប៉ាស៉ីហ្វិក លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានបន្តថា ទាហានកូរ៉េខាងជើងទាំងនោះ ទំនងនឹងចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន នាពេលឆាប់ៗ។ បើតាមលោក Austin មកទល់ពេលនេះ រូបលោកមិនទាន់ឃើញ ការរាយការណ៍គួរឱ្យជឿជាក់ អំពីទាហានកូរ៉េខាងជើង ចូលរួមយ៉ាងសកម្មតែម្តង នៅក្នុង សមរភូមិប្រយុទ្ធ នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងសេអ៊ូល បាននិយាយថា រុស្ស៊ីបានផ្តល់ឱ្យទៅទីក្រុងព្យុងយ៉ាង នូវប្រេង ប្រព័ន្ធមីស៉ីលការពារដែនអាកាស និងការគាំទ្រសេដ្ឋកិច្ច ដើម្បីដោះដូរជាមួយការបញ្ជូនកងទ័ពពីសំណាក់កូរ៉េខាងជើង៕