(ភ្នំពេញ)៖ យុវជនម្នាក់បានជិៈម៉ូតូប៉ះជាមួយខឿនផ្លូវក៏ដួលបោកក្បាលទៅនឹងបង្គោលប៉ាណូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយដែលស្ថិតនៅសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅក្បែនោះបានឱ្យដឹងថា នៅមុនកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅផ្លាកលេខកំពង់ចាម 1Q-5788 តេម្នាក់ឯងតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីត្បូងទៅជេីងដោយល្បឿនលឿន។ លុះមកដល់ចំណុចខាងលើស្រាប់តែម៉ូតូរេចង្កូតទៅប៉ះខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនឹងបង្គោលប៉ាណូដេកស្តូកស្តឹងនៅកន្លែងកើតហេតុប្រជាពលរដ្ឋសង្ស័យថា ជនរងគ្រោះខាងលើជិះម៉ូតូក្នុងស្ថានភាពស្រវឹងទេីបជ្រុលទៅកៀរខឿនពុះចែកទ្រូងផ្លូវបែបនេះ៕
ប្រភពដដែលបានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងបានប្រហែលមួយសន្ទុះក៏មានបងប្អូននិងមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ក្រោយមក សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃ្មួញ និងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខបានមកដល់ចំណុចកើតហេតុ ហើយពិនិត្យសពជនរងគ្រោះដោយមិនមានអត្តសញ្ញាណប័ណ្ណនៅជាប់ជាមួយខ្លួនទេ គឺមានតែកាតការងារជាកម្មកររោងចក្រស្បែកជើងឈ្មោះយ៉េន យុត ប៉ុណ្ណោះ ហើយសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិតាមក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមរថយន្ដសាមុយដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕