(កណ្ដាល)៖ ផ្អែកតាមបណ្ដឹងរបស់ពលរដ្ឋចំនួន២គ្រួសារ ពាក់ព័ន្ធទំនាស់ដី”បឹងរាម”ប្រមាណជិត៦០ហិកតា ក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល!។
ឥឡូវ៖ ក្រសួងមហាផ្ទៃ តម្រូវឱ្យឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល”បំភ្លឺជាលាយលក្ខណ៍អក្សរ មកក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដើម្បីក្រសួងមានមូលដ្ឋានចាត់ការបន្ត”។
-នេះបើយោងតាមលិខិត របស់ ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទនៅថ្ងៃទី០៨.១១.២០២៤ ដែល(ដើមរាំង)ទើបទទួលបាន..។
ករណីនេះនៅល្ងាចទី០២.១២.២០២៤ (ដើមរាំង)បានសុំការបំភ្លឺពីលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាលនិងជាអ្នកនាំពាក្យដោយលោកថ្លែងយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំពុំអាចបំភ្លឺបានទេ និងចាំលោកខលមកវិញ នៅពេលក្រោយ…!។
-រីឯលោក សុក កាន់ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល..!។
-ចំណែកលោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកណ្ដាលក៏មិនអាចសុំការបំភ្លឺបានដែរខណៈទូរស័ព្ទរបស់លោក ខលមិនចូលសោះ…!។
-សូមជម្រាបថា ដី”បឹងរាម”ទំហំសរុប១២៥ហិកតា អតីតឡូត៍នេសាទលេខ១៧ ពីមុនស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល-បច្ចុប្បន្នបានប្ដូរដែនរដ្ឋបាល មកក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-ទាក់ទិនបញ្ហានេះពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ…!។
បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២.០៧.២០២៤។
ទន្ទឹមនិងនោះ ពលរដ្ឋក៏បានប្ដឹងចូលរដ្ឋបាលខេត្តកណ្ដាល ផងដែរ ក្នុងបំណងទាមទាររកយុត្តិធម៌….!។
-នៅក្នុងបណ្ដឹង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ ទាំង២នាក់ សរុបជិត ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេងទាំងបំពាន ធ្វើឱ្យពួកខ្លួនរងការខាតបង់យ៉ាងធ្ងន់ធ្ងរ..!។
លោក មួន ទន់ និងលោក ប៉ិច ក្រើន បន្តថា ដីមួយកន្លែងនេះ គឺពួកខ្លួនបានប្រមូលទិញ ពីពលរដ្ឋអ្នកអាស្រ័យផលជាង១០គ្រួសារ កាលពីកំឡុងឆ្នាំ២០១០។
ពោលគឺ ក្រោយពេលទិញរួច ពួកគាត់បានកាន់កាប់ និងអាស្រ័យផលបន្តរហូត!។
លុះដល់អំឡុងឆ្នាំ២០១៩ ស្រាប់តែក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ដីត្រង់ចំណុចខាងលើ ជាដីរបស់ក្រុមហ៊ុន.ហើយក្រុមហ៊ុន ក៏បានដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធ យកដីរបស់ពួកគាត់ ទាំងបំពានតែម្ដង..!។
មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន ថែមទាំងសំឡុតនិងគំរាម ចាប់ពួកខ្លួន ដាក់គុកទៀតផង ដោយចោទថា អ្នកទាំង២ រំលោភយកដីក្រុមហ៊ុន?។
ជាមួយគ្នានោះ ភាគីក្រុមហ៊ុន បានស្នើទៅអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើ(ប្លង់រឹង)គ្របលើដីពួកគាត់ថែមទៀត!។
បើតាមលោក មួន ទន់ ខណៈពេលនោះ ពួកខ្លួនបានប្ដឹងជំទាស់និងទប់ស្កាត់ ប៉ុន្តែរាល់បណ្ដឹងរបស់គាត់ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ!។
ជាក់ស្ដែង នៅខែសីហា ឆ្នាំ២០២០ រូបលោកបានប្ដឹងទប់ស្កាត់ ចូលរដ្ឋបាលខេត្តកណ្ដាល ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ…!។
ដោយថែមទាំង បាញ់ក្ដោបយកដីពួកគាត់ជិត៦០ហិកតា ទៅបូកបញ្ចូលជាមួយផ្ទៃ”បឹងរាម” ជាង៦០ហិកតាទៀត សរុបចំនួន១២៥ហិកតា.មកកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យតំណាងក្រុមហ៊ុនរួមនិងអ្នកពាក់ព័ន្ធ ប្រមាណជិត១០ឈ្មោះ
ស្មើ និងជិត១០ប័ណ្ណ…!។
កត្តាទាំងនេះហើយ ដែលជាមូលហេតុបង្កជាទំនាស់រ៉ាំរ៉ៃ ដោះស្រាយមិនចេញរហូតបច្ចុប្បន្ន។
-ជាមួយគ្នានេះ លោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល ។
ដោយពួកគាត់អះអាងថា បានផ្អឹបបណ្ដឹងគាត់ ទុកចោល រយៈពេល៤ឆ្នាំហើយ មិនដោះស្រាយ! នឹងសុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នឹងសុំនិរាករណ៍ចោល ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)ដែលចេញគ្របលើដីពួកគាត់ដោយក្ដីអនុគ្រោះ៕