Update៖ ប្រធានតុលាការ ICC និយាយថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព!

លោកស្រី Tomoko Akane ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព ដោយសារការគំរាមកំហែង និងសម្ពាធផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងដីកាចាប់ខ្លួនពីរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសន្និសិទប្រចាំឆ្នាំ របស់ ICC នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Akane បានថ្លែងថា តុលាការកំពុងរងការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងឯករាជ្យភាពរបស់ខ្លួន។ លោកស្រី ក៏បានលើកឡើងពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្ម ដែលអាចធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់តុលាការផងដែរ។
លោកស្រី Akane បាននិយាយថា «តុលាការត្រូវបានទទួលរងការវាយប្រហារដោយស្វែងរកការធ្វើឱ្យខូចដល់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការគ្រប់គ្រងយុត្តិធម៌… វិធានការបង្ខិតបង្ខំ ការគំរាមកំហែង សម្ពាធ និងសកម្មភាពនៃការបំផ្លិចបំផ្លាញ… ដីកាបន្ថែមត្រូវបានចេញប្រឆាំងនឹងតុលាការនេះ»។
ដោយឡែក លោក Karim Khan ដែលជារដ្ឋអាជ្ញានៃតុលាការនេះ ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈម ដែល ICC កំពុងប្រឈមមុខ នៅក្នុងសុន្ទរកថារបស់គាត់ នៅឯការបើកសន្និសិទផងដែរ ដោយលោកបាននិយាថា សន្និសិទ ICC លើកនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះតុលាការកំពុងជួបប្រទះបញ្ហាប្រឈម មិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា ជនរងគ្រោះនិងសាធារណជនកំពុងរង់ចាំ និងមានការរំពឹងទុកខ្ពស់ ចំពោះយុត្តិធម៌និងការទទួលខុសត្រូវ ពីតុលាការអន្តរជាតិមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version