Update៖ ការតវ៉ានៅប្រទេសហ្សកហ្ស៊ី ប៉ូសីលបានចាប់ខ្លួនក្រុមបាតុករ២៩៨នាក់!

មនុស្ស២៩៨នាក់ត្រូវបានឃុំខ្លួន និងមន្ត្រីប៉ូលីស១៤៣ នាក់បានរងរបួសក្នុងអំឡុងពេលថ្ងៃនៃបាតុកម្មនៅក្នុងរដ្ឋធានី Tbilisi ហ្សកហ្ស៊ី នេះបើយោងតាមលោក Aleksande Darakhvelidze អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ។

ប្រភពពីសារព័ត៌មានAnadolu។

លោក Darakhvelidze បាននិយាយថា បាតុករមួយចំនួនដែលបានចូលរួមក្នុងបាតុកម្មនៅមុខសភាបានប្រើអំពើហិង្សាលើប៉ូលីស ដោយបន្ថែមថាការស៊ើបអង្កេតកំពុងបន្ត។
នៅលើការវិវឌ្ឍចុងក្រោយបង្អស់ជុំវិញការបោះឆ្នោតដែលមានការប្រកួតប្រជែង និងផ្លូវរបស់ប្រទេសទៅកាន់សមាជិកភាពសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រី Irakli Kobakhidze បានចោទប្រកាន់ក្រុមប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេពីបទសាបព្រោះអស្ថិរភាព។

គួរជម្រាបថា បាតុកម្ម គឺប្រឆាំងនឹងការសម្រេចចិត្តរបស់ លោក Kobakhidze ក្នុងការផ្អាកការចរចាចូលសហភាពអឺរ៉ុបរបស់ប្រទេសនេះកាលពីថ្ងៃទី 28 ខែវិច្ឆិកា ហើយបានបន្តអស់រយៈពេលប្រាំមួយថ្ងៃនៅក្នុងទីក្រុងនានា។
លោក Kobakhidze បានផ្អាកការពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរយៈពេល 4 ឆ្នាំបន្ទាប់ពីសភាអឺរ៉ុបបានច្រានចោលលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី 26 ខែតុលារបស់ប្រទេស។

ហ្សកហ្ស៊ី ដែលពីមុនជាផ្នែកមួយនៃសហភាពសូវៀត បានកំណត់គោលដៅនៃការចូលរួមសហភាពអឺរ៉ុបទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។នៅទីក្រុង Tbilisi ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខអគារសភានៅពេលល្ងាច ហើយបានបិទផ្លូវ Shota Rustaveli ។ ប៉ូលីសបានចាត់វិធានការសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *