ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធានៅភាគខាងត្បូងប្រទេស។ ប្រភពពីសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។
ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេល មានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែលក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះសម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន៕