Update៖ ប្រធានាធិបតីស៊ីរី អា សាដ ឡើងជិ:យន្ដហោះរត់ភៀសខ្លួនបាត់ហើយ!

លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ត្រូវបានរាយការណ៍ថាបានឡើងជិ:យន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។
ប្រភពពីសារព័ត៌មាន Reuters។

សាក្សីជាច្រើនបានប្រាប់ Reuters ថាមនុស្សរាប់ពាន់នាក់មានទាំងជិះក្នុងរថយន្ដ និងដើរ បានគ្រវីទង់ជាតិ និងស្រែកច្រៀកអបអរសាទរ «សេរីភាព»។ «យើងអបសាទរ ជាមួយប្រជាជនស៊ីរីនូវព័ត៌មាននៃការរំដោះអ្នកទោសរបស់យើង ហើយប្រកាសពីការបិទបញ្ចប់នៃអំពើអយុត្តិធម៌នៅក្នុងពន្ធនាគារ Sednaya»។ នេះជាការលើកឡើងរបស់ ក្រុមឧទ្ទាមស៊ីរី។ Sednaya គឺជាពន្ធនាគារយោធាដ៏ធំមួយស្ថិតនៅជាយរដ្ឋធានីដាម៉ាស ជាទីដែលរដ្ឋាភិបាលស៊ីរីឃុំខ្លួនអ្នកទោសរាប់ពាន់នាក់។
ដោយឡែក ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman ក៏បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ជាមួយការបន្ថែមថាប្រធានាធិបតីស៊ីរីរូបនេះបានចាកចេញពីស៊ីរី តាមរយៈអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាន នេះ។ ប៉ុន្តែគេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។

ក្រុមឧទ្ទាមស៊ីរីនៅព្រឹកថ្ងៃអាទិត្យនេះ ក៏បានប្រកាសផងដែរពីការវាយដណ្ដើមបានទីក្រុង Homs ដោយប្រើពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយ កងកម្លាំងរដ្ឋាភិបាលស៊ីរី។ ការយកបានទីក្រុង Homs គឺប្រៀបបានដូចជាការពុះចែកប្រទេសស៊ីរីជា២ ហើយធ្វើឱ្យរបបលោក-Assad ស្ថិតនៅក្នុងគ្រោះថ្នាក់ ខណៈមានសេចក្ដីរាយការណ៍មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលស៊ីរីមួយចំនួនបានចុះចូលជាមួយក្រុមឧទ្ទាម។
ក្រុមមន្ត្រីអាមេរិកបានអះអាងថាពួកគេកំពុងតាមដានស្ថានការណ៍នៅស៊ីរី ជាមួយការព្យាករថារបបដឹកនាំរបស់លោក Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃ ទៀតនេះ នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងក្រោយរដ្ឋាភិបាលស៊ីរីបានបាត់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs Daraa, Quneitra និងទីក្រុង Suwayda៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version