Update៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើឲ្យការទូតបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានលើកឡើងពីមធ្យោបាយការទូត សម្រាប់ដោះស្រាយសង្គ្រាមជាមួយរុស្ស៊ី និងគោលគំនិតចង់ឱ្យកងទ័ពបរទេសដាក់ពង្រាយក្នុងប្រទេសរបស់លោក រហូតដល់អ៊ុយក្រែនអាចក្លាយជាសមាជិកអង្គការណាតូ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Friedrich Merz ដែលជាមេដឹកនាំគណបក្សប្រឆាំង នៅអាល្លឺម៉ង់។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ៊ុយក្រែន ចង់ឱ្យសង្រ្គាមនេះឆាប់ចប់ ជាងនរណាៗទាំងអស់។ មិនបាច់សង្ស័យទេ ដំណោះស្រាយការទូតមួយ នឹងអាចសង្រ្គោះមនុស្សបានច្រើនថែមទៀត។ យើងកំពុងស្វែងរកដំណោះសា្រយនោះ»។
តាមអ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន លោក Serhiy Nikiforov ទីក្រុងកៀវ បាននិងកំពុងរៀបចំជំនួបខែធ្នូ ជាមួយបណ្តាដៃគូអឺរ៉ុបសំខាន់ៗ ដែលធ្លាប់រួមដៃជាមួយសហរដ្ឋអាមេរិក ជួយអ៊ុយក្រែនការពារប្រទេសកន្លងមក។ លោកថាគោលបំណងនៃជំនួប គឺដើម្បីអភិវឌ្ឍតួនាទីរួមគ្នាទាំងនៅក្នុងកិច្ចចរចា ក៏ដូចជានៅសមរភូមិប្រយុទ្ធ។
គួរបញ្ជាក់ថា នៅឯប្រទេសបារាំង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ុយក្រែន និងរុស្ស៉ី ដាក់លក្ខខណ្ឌរៀងៗខ្លួន ហើយចាប់ផ្តើមកិច្ចសន្ទនា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version