ឯកឧត្តម ស៊ាង ប៊ុនលាង និងលោកជំទាវ អញ្ជើញសម្ពោធអគារសិក្សា១ខ្នង នៃសាលាបឋមសិក្សាគីឡូ៦៦!

(ក្រចេះ)៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលមួយចំនួននៃសាលាបឋមសិក្សាគីឡូ៦៦ស្ថិតនៅភូមិជូនមាស២ ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ គឹមនី អភិបាលរង តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជនជប៉ុន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផងដែរ។
ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលមួយចំនួន នៃសាលាបឋមសិក្សា គីឡូ៦៦ នេះ។
ឯកឧត្តមបណ្ឌិតថ្លែងបន្តថា៖ នៅខេត្តក្រចេះយើងនេះ កន្លងមកតាមរយៈ ឯកឧត្តមផ្ទាល់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការ TDO បាននាំសប្បុរសជនជប៉ុនមកជួយសាងសង់អគារសិក្សាបានចំនួន ២៦ ខ្នង ស្មើនឹង ៤៩ បន្ទប់ បណ្ណាល័យ ២ខ្នង តារាងបាល់ទាត់១ និងបន្ទប់ទឹក ៧ បន្ទប់ សរុបជា ថវិកា ៩៣ម៉ឺន ៤ពាន់ ៧៥០ដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិត បានរំលឹកថា៖ សាលាបឋមសិក្សាគីឡូ៦៦ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរួមគ្នាបង្កើតឡើងនៅឆ្នាំ២០០២ មានអគារ ១ខ្នង ៣បន្ទប់ សាងសង់អំពីឈើ ប្រក់សង្ក័សី មានសិស្សចូលរៀនចំនួន ៤៥នាក់ មានគ្រូបង្រៀន ២នាក់។ ក្នុងរយៈពេលកន្លងមកនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយកសាលា គណៈ គ្រប់គ្រងសាលា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភពីសមាគមខ្មែរឥស្លាម និង សប្បុរសជន សាលាបឋមសិក្សាគីឡូ ៦៦ មានការរីកចម្រើនជាបន្តបន្ទាប់ ។
រហូតដល់ឆ្នាំ២០២៤ ដោយមានការគាំទ្រពីឯកឧត្តមបណ្ឌិត លោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរី ចរិយា ហ៊ុន ប៊ុនធឿន និងតាមរយៈលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការ TDO លោក អៃជីគេន បាងគីន (Aichiken Bankin) តំណាងអង្គការខ្មែរសតវត្សទី២១ និង លោក អូណូដេរ៉ា ស៊ូ នីជិ (Onodera Shunichi) តំណាងសប្បុរសជនជប៉ុន ព្រមទាំងសហការី បានជួយសាងសង់ អគារសិក្សា ១ខ្នង មាន ៣បន្ទប់ អណ្តូងទឹកប្រើស្អប់១ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រើប្រាស់ ដែលគិតដល់ពេលនេះ សាលាបឋមសិក្សាគីឡូ៦៦ សិស្សបានកើនដល់១១០ នាក់ សិស្សស្រី៥១ នាក់ និងមានគ្រូបង្រៀនចំនួន៣ នាក់។
ទាំងនេះគឺជា សមិទ្ធផលថ្មី មានតម្លៃជាប្រវត្តិសាស្ត្រនៅ ឃុំស្រែចារ ដែលយើងទាំង អស់គ្នាត្រូវថែរក្សាឲ្យបានគង់វង្សយូរអង្វែង ឲ្យកូនចៅ សិស្សានុសិស្ស បានរៀនសូត្រ និងប្រើប្រាស់បានច្រើនជំនាន់ទៀត សមដូចពាក្យស្លោកបានពោលថា ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។
ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវចេះថែរក្សាអគារសិក្សាថ្មី និងសមិទ្ធផលទាំងនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ឲ្យបាន យូរអង្វែង បោសសំអាត រក្សាអនាម័យជាប់ជាប្រចាំ ដើម្បីផាសុកភាព និងបរិស្ថានល្អ ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាធនធានមនុស្ស ជាទំពាំងស្នងឫស្សី បន្តវេនដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សជំនាន់ក្រោយៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version