(ភ្នំពេញ)៖ នៅព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ.លើកទី១៨.!។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បង្ហាញក្តីសោមនស្ស ដោយបានមកចូលរួមក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
ដើម្បីគូសបញ្ជាក់ជាឱឡារិក អំពីការប្តេជ្ញាចិត្ត, សាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និង ពិភពលោក។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំរួមគ្នា ប្រឹងប្រែងការពារសុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និង មនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើ
ជួញដូរមនុស្សគ្រប់ទម្រង់, លើមនុស្សគ្រប់ភេទ, គ្រប់វ័យ, គ្រប់ស្ថានភាព និង គ្រប់ទីកន្លែង
តាមរយៈការស៊ើបអង្កេត, ស្រាវជ្រាវ, បង្ក្រាប, ផ្តន្ទាទោសជនល្មើសដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម, ធ្វើអាជីវកម្មផ្លូវភេទ និង បទល្មើសដទៃទៀត។
សម្តេចធិបតី បានថ្លែងថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និង លើកកម្ពស់ការបង្ការទប់ស្កាត់ និង ការបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និង កិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
សម្តេចធិបតី បន្តថា កម្ពុជានឹងនៅតែបន្តចូលរួមយ៉ាងសកម្ម នៅក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់តំបន់ និងពិភពលោក។
សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ ក៏នឹងបន្តអនុវត្តដូចគ្នា ដើម្បីបង្ហាញឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក និង ដើម្បីប្រមែប្រមូលជាកម្លាំងរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម នោះគឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្តីសុខរបស់ពលរដ្ឋយើងទាំងអស់គ្នា។
សម្តេចធិបតី បានថ្លែងថា បច្ចេកវិទ្យាបង្កភាពងាយស្រួលកាន់តែខ្លាំង ដល់សកម្មភាពជួញដូរ ឬឆបោក ដើម្បីចូលរួមទប់ស្កាត់ ត្រូវជំរុញការផ្សព្វផ្សាយ និងអប់រំ។
សម្តេចធិបតី បានថ្លែងថា ការជួញជនរងគ្រោះពីការជួញដូរជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវជួយគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង។
សម្តេចធិបតី បានថ្លែងថា ដើម្បីទប់ស្កាត់ការជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ។
សម្តេចធិបតី បានថ្លែងថា របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។
សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។
សម្តេចធិបតី បានថ្លែងថា កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។
សម្តេចធិបតី បានថ្លែងថា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មិនមែនជាកិច្ចការដាច់ដោយឡែករបស់កម្ពុជានោះឡើយ គឺទាមទារឱ្យមានកិច្ចសហការគ្នាជាមួយបណ្តាប្រទេសនានា។
សម្តេចធិបតី បានណែនាំថ្នាក់ដឹកនាំ, មន្រ្តីរាជការ, អាជ្ញាធរ, កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចឱ្យបានល្អតាមតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកបដោយការទទួលខុសត្រូវខិតខំដោះស្រាយបញ្ហាដែល នៅសេសសល់ ដោយអនុវត្តតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យបាល និង វះកាត់ ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ សក្តិសមនឹងទទួលបានការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
សម្តេចធិបតី បានណែនាំថ្នាក់ដឹកនាំ, មន្រ្តីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខិតខំតាមដានបាតុភាព និង បទល្មើសផ្សេងៗ និង បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និង រំហូរឆ្លងកាត់ព្រំដែន គ្រប់ទីតាំង ឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និង ការរំលោភបំពានផ្សេងៗ។
សម្តេចធិបតី បានណែនាំថា មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ មិនគប្បីព្រងើយកន្តើយ បណ្តែតបណ្តោយ ឬ ធ្វេសប្រហែសចំពោះអំពើល្មើសដែលកើតមាន ដែលអាចចាត់ទុកថា ជាការឃុបឃឹត និងលើកទឹកចិត្តឱ្យជនល្មើស មានឱកាសប្រព្រឹត្តបទឧក្រិដ្ឋកាន់តែច្រើនឡើង។
សម្តេចធិបតី បានណែនាំថា គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំរួមគ្នាដោះស្រាយផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និង ដាក់ទោសជនល្មើសឱ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និង យុត្តិធម៌ក្នុងសង្គម។
សម្តេចធិបតី ណែនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីគុណសម្បត្តិ និង គុណវិបត្តិ នៃការធ្វើទេសន្តរប្រវេសន៍, តុល្យភាពនៃកម្លាំងពលកម្មដែលត្រូវការ, និង លក្ខខណ្ឌដែលត្រូវបញ្ជូនចេញទៅធ្វើការងារក្រៅប្រទេស ប្រកបដោយការទទួលខុសត្រូវ។
សម្តេចធិបតី ណែនាំឱ្យខិតខំផ្សព្វផ្សាយអប់រំ តាមសាលារៀន តាមវេទិកាសហគមន៍នានា ជាពិសេស ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់, អំពើហិង្សា, ការរំលោភបំពានលើស្រ្តី និង កុមារ, អំពើជួញដូរមនុស្ស, គ្រឿងញៀន និង គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលប្រឈមនឹងការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន។
សម្តេចធិបតី ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និង សមត្ថកិច្ចពាក់ព័ន្ធ គប្បីរួមគ្នាលើកកម្ពស់ និងបង្កើនការងារក្នុងស្រុក លុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលប្រថុយប្រថាន និង មិនមានឯកសារត្រឹមត្រូវ។
សម្តេចធិបតី ណែនាំតួអង្គ និងស្ថាប័នសាសនា, ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋគ្រប់រូបបន្តបង្កើនការអប់រំ ផ្សព្វផ្សាយខ្លឹមសារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាសនិកទាំងឡាយ នៅតាមសហគមន៍ទូទាំងប្រទេស ឱ្យបានយល់ជ្រួតជ្រាបថា បទល្មើសទាំងឡាយ អាចកើតមានឡើងបាន ដោយសារតែបញ្ហាមនុស្សខ្វះសីលធម៌, គុណធម៌, និង មនុស្សធម៌នេះហើយ ដែលធ្វើឱ្យមនុស្សលែងមានការគោរពច្បាប់, មិនគោរពឱ្យតម្លៃមនុស្សផងគ្នា, គ្មានយល់អធ្យាស្រ័យ, លែងដឹងខុសត្រូវ, បាបបុណ្យ គុណទោស អាត្មានិយម និង មិនខ្វាយខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
សម្តេចធិបតី ណែនាំដល់ប្រជាជនគ្រប់រូប គប្បីរួមសហការគ្នា ការពារទប់ស្កាត់រាល់បទល្មើស ការពារកូនចៅ និង អ្នករស់នៅក្នុងសហគមន៍ ពីភាពរងគ្រោះ និង គប្បីផ្តល់ការអនុគ្រោះជួយការពារគាំទ្រ និង អប់រំព្យាបាលរបួសផ្លូវចិត្តជនធ្លាប់រងគ្រោះ និង ជួយតម្រង់ទិសទៅរកភាពរីកចម្រើន។ លើសពីនេះប្រជាជនគប្បីរាយការណ៍សហការ និង គាំទ្រអាជ្ញាធរ និងសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេត និង បង្ក្រាបបទល្មើស និង ជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍ ហើយត្រូវចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និង កុំទទួលផលពីអំពើទុច្ចរឹត។
សម្តេចធិបតី បានណែនាំឱ្យរួមគ្នាចែករំលែកតែព័ត៌មានពិត, មានប្រភពច្បាស់លាស់, មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយចៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែមិនបានជួយដល់បេសកកម្មប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនោះទេ ។
ប៉ុន្តែពេលខ្លះថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និង មុខមាត់នៃប្រទេសជាតិយើងទាំងមូលផងដែរ។
សម្តេចធិបតី ណែនាំឱ្យរួមគ្នាផ្សព្វផ្សាយពីស្ថានភាពពិតរបស់កម្ពុជា, អំពីសុវត្ថិភាព និង សន្តិសុខ ដែលមានជាក់ស្តែងនៅក្នុងប្រទេសជាតិយើង ចៀសវាងការបំបាក់ស្មារតីដល់ភ្ញៀវទេសចរ និង ធុរជន អន្តរជាតិ ដែលពុំទាន់ស្គាល់ពីកម្ពុជា នៅពេលដែលពួកគេមានបំណងល្អ, សុចរិត, ចង់មកធ្វើដំណើរកម្សាន្ត វិនិយោគ និង រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។
សម្តេចធិបតី ស្នើថ្នាក់ដឹកនាំគ្រប់រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ និងបណ្តាសាលារៀន ចាត់តាំងឱ្យមានការរៀបចំផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារទាំង ឡាយ នៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង គ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល សម្រាប់ជាការដាស់តឿន ឱ្យប្រជាពលរដ្ឋទាំងអស់ បានយល់ដឹង និង ចូលរួមបង្ការទប់ស្កាត់ និង ការពារខ្លួនពីអំពើជួញដូរមនុស្ស៕