អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៣០នាក់ និងរងរបួស៥០នាក់ផ្សេងទៀតដែលកំពុងជ្រកកោននៅក្នុងការិយាល័យប៉ុស្តិ៍ ប្រៃសណីយ៍មួយ ស្ថិតនៅភាគកណ្ដាលនៃតំបន់ហ្កាហ្សា ដោយធ្វើឱ្យចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នៅទូទាំងតំបន់ហ្កាហ្សាកើនដល់ ៦៦នាក់។
ប្រភពពីសារព័ត៌មាន Reuters។
ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានប្រាប់ Reuters ថាការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងលើការិយាល័យប៉ុស្តិ៍ប្រៃសនីយ៍មួយស្ថិតនៅក្នុងជំរំ Nuseirat ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនកំពុង ជ្រកកោន ហើយការវាយប្រហារក៏បានធ្វើឱ្យផ្ទះជាច្រើនខ្នងនៅក្បែរជំរំនេះរងការខូចខាតផងដែរ។ ប៉ុន្តែ ខាងយោធាអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះដែរ ក្រុមហាម៉ាស និងក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសចំនួន ២របស់អ៊ីស្រាអែលលើភាគខាងត្បូងហ្កាហ្សា បានសម្លាប់ មនុស្ស ១៣នាក់ ខណៈមនុស្ស ២២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើអគារស្នាក់នៅមួយក្នុងទីក្រុងហ្កាហ្សា និងផ្ទះមួយខ្នងស្ថិតនៅភាគខាងលិចនៃជំរំ Nuseirat៕