លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃសុក្រ(ទី១៣ខែធ្នូ)បានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាលជានាយករដ្ឋមន្រ្តីថ្មីបន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។
ប្រភពពីសារព័ត៌មាន Reuters។
អាទិភាពចម្បងរបស់លោក Francois Bayrou ក្នុងនាមនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង គឺត្រូវអនុម័តច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកា ឆ្នាំ២០២៤។ ការងារនេះនឹងមានការលំបាក ដោយសារតែមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅក្នុងសមាជិកសភា ដែលបាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Michel Barnier។
លោក Bayrou ដែលមានអាយុ ៧៣ ឆ្នាំ ទំនងជានឹងប្រកាសបញ្ជីរដ្ឋមន្ត្រីរបស់លោក នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ លោកអាចនឹងជួបប្រទះបញ្ហាក្នុងការរក្សាអំណាច ដោយសារសភាមានការបែងចែកជាបីក្រុម ខណៈដែលលោកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតី ដែលមិនសូវប្រជាប្រិយភាពខ្លាំងផងនោះ៕