សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដទំនើបនៅក្រុងអរិយក្សត្រ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា។ ខណៈគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។

គម្រោងអភិវឌ្ឍន៍ ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។
គម្រោង «ទីក្រុងមេគង្គឃី» ជាគម្រោងមួយត្រូវបានសិក្សាដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើផ្ទៃដីទំហំប្រមាណ២១០ហិកតា។ គម្រោងនេះត្រូវបានគិតគូរលើការអភិវឌ្ឍន៍ដោយបែងចែកជាពីរផ្នែក។ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ក្រុមហ៊ុននឹងរៀបចំសាងសង់ ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា៖
១៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប៖ ផ្នែកនេះជាការអភិវឌ្ឍដ៏សំខាន់ ដែលអគារពាណិជ្ជកម្មទាំងនោះ នឹងក្លាយជាគោលដៅជំរុញ សេដ្ឋកិច្ចដ៏សំខាន់ ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើន ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។
២៖ ផ្សារទំនើបតាមដងទន្លេ៖ ផ្សារទំនើប ត្រូវបានគ្រោងដោយធ្វើការសាងសង់តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ រួមទាំងផ្ដល់ជម្រើសទំនិញដ៏សម្បូរបែប ជាមួយសេវាកម្មមានស្តង់ដារខ្ពស់ ដើម្បីបំពេញតម្រូវការទាំងភ្ញៀវជាតិ និងអន្តរជាតិ។
៣៖ មជ្ឈមណ្ឌលអប់រំ៖ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍចំណេះដឹង ជំនាញ ជាឱកាសដល់អ្នកជំនាន់ក្រោយ និងសហគមន៍ ជាពិសេសគឺពោរពេញទៅដោយបរិក្ខារទំនើប និងបរិយាកាសល្អដែលនឹងលើកស្ទួយការរៀនសូត្រ និងភាពច្នៃប្រឌិតខ្ពស់។
៤៖ សណ្ឋាគារស្តង់ដាអន្តរជាតិ៖ ដើម្បីផ្ដល់ភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្នាក់នៅប្រកបដោយឧត្តមភាព សេវាកម្មមានគុណភាពខ្ពស់ ដែលជាផ្នែកមួយនៃការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។
៥៖ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌៖ ផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីលើកស្ទួយការផ្សព្វផ្សាយវប្បធម៌ជាតិ និងជាមជ្ឈមណ្ឌលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទីតាំងនេះនឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក។ ជាពិសេស នឺងមានការរួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរកាន់តែទទួលបានភាពងាយស្រួលក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ។
សម្រាប់ផ្នែកទី២ លើផ្ទៃដី៧០ហិកតា ត្រូវបានក្រុមហ៊ុនគ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ។
មុនឈានដល់ដំណើរការអភិវឌ្ឍន៍នៃគម្រោងខាងលើនេះ ក្រុមហ៊ុនបានសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម (EIA) រយៈពេលជិត៣ឆ្នាំ។ ការសិក្សានេះមានកិច្ចសហការយ៉ាងស្វិតស្វាញពីក្រសួងបរិស្ថាន និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បធានាឱ្យបានថា ការអភិវឌ្ឍគម្រោងស្របតាមនីតិវិធីច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយនិរន្ដរភាព និងចេរីភាព។
តាមរយៈគម្រោងនេះ ក្រុមហ៊ុនមានចក្ខុវិស័យប្រែក្លាយដងទន្លេភាគខាងកើតនៃរាជធានីភ្នំពេញឱ្យលេចចេញជាទីក្រុងរណបថ្មី។ ជាពិសេសការអភិវឌ្ឍនេះមានមហិច្ឆតាពង្រីកវិសាលភាពរបស់ខ្លួននៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពប្រណីត និងទំនើប ដូចបណ្តាប្រទេសជឿនលឿន ដោយបង្កើតជាសហគមន៍ទីក្រុងទំនើប រួមបញ្ចូលគ្នានូវលំនៅស្ថានប្រណីត បណ្ដុំអគារពាណិជ្ជកម្មខ្ពស់ៗ និងទីលំហែកម្សាន្តដ៏សំបូរបែប ភ្ជាប់ជាមួយទំនាក់ទំនងដ៏រឹងមាំទៅនឹងធម្មជាតិ។ ការអភិវឌ្ឍនេះមានគោលបំណងបង្កើតគោលដៅនៃការរស់នៅ ដែលរួមបញ្ចូលគ្នានូវប្រណីតភាព វប្បធម៌ និងការរចនាប្រកបដោយនិរន្តរភាព។គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាលក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *