លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានបើកការវាយប្រហារ អមនុស្សធម៌លើប្រព័ន្ធថាមពល និងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន នៅថ្ងៃបុណ្យណូអែល ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសព្រមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។
ប្រភពពីសារព័ត៌មាន Reuters។
អភិបាលតំបន់បានរាយការណ៍ថា ការវាយប្រហារបានធ្វើឱ្យមនុស្ស៦ នាក់រងរបួសនៅទីក្រុង Kharkiv ភាគឦសាន និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅតំបន់ Dnipropetrovsk។ មិនតែប៉ុណ្ណោះ វាក៏បានបន្សល់ទុកប្រជាជនប្រមាណកន្លះលាននាក់ក្នុងតំបន់ Kharkiv គ្មានប្រព័ន្ធកំដៅប្រើប្រាស់ ក្នុងអាកាសធាតុត្រជាក់ខ្លាំង ខណៈរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតក៏រងការដាច់ចរន្តអគ្គិសនីផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានថ្កោលទោស ការវាយប្រហារនេះ ដោយហៅវាថា អមនុស្សធម៌ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានចេតនាជ្រើសរើសថ្ងៃបុណ្យណូអែល ដើម្បីវាយប្រហារដើម្បីបង្កការឈឺចាប់និងទុក្ខវេទនា ដល់ប្រជាជនអ៊ុយក្រែន។ ទន្ទឹមគ្នានោះ លោកបញ្ជាក់ថាមីស៊ីលជាង ៧០ គ្រាប់ រួមទាំងមីស៊ីលផ្លោង និងដ្រូនជាងមួយរយគ្រឿងត្រូវបានបាញ់សំដៅមកលើអ៊ុយក្រែន៕