Update៖ តៃវ៉ាន់ បដិសេធផែនការរបស់ក្រុមហ៊ុន Uber ក្នុងការទិញយកក្រុមហ៊ុនFoodpanda!

កាលពីថ្ងៃពុធ(ទី២៥ខែធ្នូ) កោះតៃវ៉ាន់បានច្រានចោលផែនការរបស់ក្រុមហ៊ុន Uber ក្នុងការទិញយកក្រុមហ៊ុន Foodpanda របស់ក្រុមហ៊ុន Delivery Hero នៅលើកោះមួយនេះ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារយ៉ាងខ្លាំង។

ប្រភពពីសារព័ត៌មានNews Asia។

ក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់អាមេរិកមួយនេះមានបំណងទិញយកក្រុមហ៊ុន Foodpanda នៅកោះតៃវ៉ាន់នៅឆមាសទី១ ឆ្នាំ២០២៥ ក្នុងតម្លៃ ៩៥០លានដុល្លារអាមេរិក ដោយនឹងច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនដឹកជញ្ជូនអាហារធំទាំងពីរនៅក្នុងទីផ្សារចែកចាយអាហាររបស់តៃវ៉ាន់។
លោក Chen Chi-Ming អនុប្រធានគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ (FTC) របស់កោះតៃវ៉ាន់បានដកស្រង់សម្ដីដោយកាសែត Channel News Asia ខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុន Foodpanda វានឹងលែងមានការប្រកួតប្រជែងទាំងស្រុង»។
លោកបានមានប្រសាសន៍ថា៖ក្រោយការច្របាច់បញ្ចូលគ្នា ក្រុមហ៊ុន UberEats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ដោយផ្តល់ឱ្យក្រុមហ៊ុននេះនូវការលើកទឹកចិត្តបន្ថែមទៀតក្នុងការបង្កើនតម្លៃសេវាទៅកាន់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ។
លោក Chen បានថ្លែងថា៖គុណវិបត្តិនៃការប្រកួតប្រជែងទីផ្សារពីការច្របាច់បញ្ចូលគ្នានេះមានលើសពីអត្ថប្រយោជន៍សេដ្ឋកិច្ច។ លោកបន្ថែមថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនដែលនឹងត្រូវបានច្របាច់បញ្ចូលគ្នានេះនឹងមានលើសពី ៩០ភាគរយ។
លោកបានបន្តថា៖គ្មានវិធានការកែតម្រូវគ្រប់គ្រាន់អាចធានាបានថា ការប្រកួតប្រជែងនឹងត្រូវបានរក្សានោះទេ។
សហជីពដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានស្វាគមន៍ការសម្រេចចិត្តរបស់ FTC ដោយអ្នកនាំពាក្យសហជីពលោក Su Po-hao និយាយថា វាធានាបាននូវអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អនាគតឧស្សាហកម្មដឹកជញ្ជូនអាហារ៕

Leave a Reply

Your email address will not be published. Required fields are marked *