(ព្រៃវែង)៖ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុង អង្គមីទ្ទិញអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការនិមន្តអញ្ជើញចូលរួម ប្រមាណ ២.០៥៦អង្គ/រូប។
ឯកឧត្ដម សួន សុម៉ាលីន មានប្រសាសន៍ថា ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ហើយក៏ជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណដល់ការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតក នៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ។
ឯកឧត្តម បន្តថា ថ្ងៃនេះ គម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បាន សាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបាន ជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការ ផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈាន មកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានលើកឡើងថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច លើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំង អស់គ្នា ក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។
ឯកឧត្ដម បន្តរថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា- ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការ រស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។
ឯកឧត្ដម បន្ថែមថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យ ខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។ រាជរដ្ឋាភិបាល បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បី រក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹង ពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី៕