Update៖ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យតារាល្បីៗជាច្រើនរួមទាំងមនុស្សជាង ៣០,០០០ នាក់ត្រូវភៀសខ្លួន!

តារាល្បីៗជាច្រើនរួមទាំង មនុស្សជាង ៣០,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ឆ្នេរដ៏ធំ នៃទីក្រុង Los Angeles ពេញមួយយប់។ ភ្លើងបានបំផ្លាញផ្ទះសម្បែងជាច្រើន និងឆេះរាលដាលតាមជម្រាលភ្នំ បង្កឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ខណៈអ្នកស្រុកនាំគ្នាជម្លៀសខ្លួន។

ក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ដោយសារខ្យល់ព្យុះ និងលក្ខខណ្ឌស្ងួតហួតហែង កំពុងបង្កើនការលំបាកនៅក្នុងសង្កាត់ប៉ាស៊ីហ្វិក Palisades និងយ៉ាងហោចណាស់ពីរតំបន់ផ្សេងទៀត ក្នុងទីក្រុង Los Angeles។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីថ្ងៃអង្គារ។
តំបន់ Pacific Palisades ដែលជាជម្រករបស់តារាល្បីៗជាច្រើន រងការវាយប្រហារដោយភ្លើងឆេះព្រៃ បណ្តាលឱ្យខូចខាតអគារជាច្រើន និងឆាបឆេះផ្ទៃដីជិត ៣,០០០ ហិចតា។ ការជម្លៀសទ្រង់ទ្រាយធំបានធ្វើឱ្យផ្លូវនានាកកស្ទះយ៉ាងខ្លាំង ហើយអ្នកស្រុកមួយចំនួនត្រូវបង្ខំចិត្តបោះបង់ចោលរថយន្ត ខណៈអណ្តាតភ្លើងបានរាលដាលយ៉ាងលឿន និងផ្សែងខ្មៅ បានហុយឡើងពេញផ្ទៃមេឃ នៃទីក្រុង Los Angeles។
តារាសម្តែង Steve Guttenberg បានរៀបរាប់ប្រាប់ទូរទស្សន៍ KTLA ពីស្ថានភាពដ៏តានតឹង ខណៈមិត្តភក្តិរបស់គាត់ជាប់គាំង មិនអាចជម្លៀសខ្លួនបាន ដោយសារតែរថយន្ត ដែលត្រូវបានគេបោះបង់ចោលនៅលើដងផ្លូវ។ ស្របពេលជាមួយគ្នានេះ អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានចេញសារអំពាវនាវកាលពីព្រឹកថ្ងៃពុធ ដោយជំរុញឱ្យប្រជាពលរដ្ឋ គោរពតាមបទបញ្ជាជម្លៀស ប្រើប្រាស់ចំណតនិងទីជម្រក ដែលរៀបចំដោយអាជ្ញាធរ ប្រសិនបើចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *