កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា) មនុស្ស 17 នាក់បានស្លាប់ និង 74 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន 4 នៅក្នុងខេត្ត Al-Bayda ភាគខាងត្បូងនៃប្រទេសយេម៉ែន នេះបើយោងតាមក្រសួងសុខាភិបាលក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយក្រុម Houthi ដែលមិនមានការទទួលស្គាល់ជាអន្តរជាតិ។
ប្រភពពីសារព័ត៌មានAnadolu។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៥០ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កាលពីល្ងាចថ្ងៃសៅរ៍ វេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃបាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់ Nassefa នៃស្រុក Al-Zahir ។
អ្នកនាំពាក្យរដ្ឋាភិបាល Houthi លោក Hashem Sharafuddin បាននិយាយថា កងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេតយ៉ាងសកម្មនូវឧប្បត្តិហេតុនេះ ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យក៏ដោយ។
ក្រុមនេះបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ជនរងគ្រោះក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មដែលបានកើតឡើងដោយសារការផ្ទុះនៅស្ថានីយប្រេងឥន្ធនៈ។
គួរជម្រាបថា ប្រទេសយេម៉ែននៅតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយសង្រ្គាមស៊ីវិលដ៏អូសបន្លាយ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងបានធ្វើឱ្យមនុស្សរាប់លាននាក់រងទុក្ខដោយសារវិបត្តិមនុស្សធម៌៕