Update៖ អ៊ុយក្រែន ត្រៀមយកទាហានកូរ៉េខាងជើងមកដោះដូរចំណាត់ខ្មាំងជាមួយរុស្ស៊ី! 

កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា)ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាងជាថ្នូរនឹងការវិលត្រឡប់របស់អ្នកទោសសង្គ្រាមអ៊ុយក្រែនដែលឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង ២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយនេះជាលើកដំបូងបំផុតដែលអ៊ុយក្រែនចាប់បាន ទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជិត៣ឆ្នាំមកនេះ កាលពីពេលថ្មីៗនេះ។

អ៊ុយក្រែន និងលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់មួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើងនៅសមរភូមិនោះទេ។

ជាមួយគ្នានោះដែរ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានកត់សម្គាល់ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យលោក គីម ជុងអ៊ុនវិញ ប្រសិនបើមេដឹកនាំកូរ៉េខាងជើងរូបនេះអាចសម្រួលឱ្យមានការដោះដូរជាមួយទាហានអ៊ុយក្រែនដែលកំពុងជាប់ឃុំនៅរុស្ស៉ី។ លោក ហ្សេលេនស្គីបន្ថែមទៀតថាអាចនឹងមានកូរ៉េខាងជើងបន្ថែម ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី ទាហានកូរ៉េខាងជើងដែលមិនចង់ត្រឡប់ទៅផ្ទះវិញ វាអាចនឹងមានជម្រើសផ្សេងសម្រាប់ពួកគេ ហើយសម្រាប់អ្នកដែលបង្ហាញពីចេតនាចង់ឱ្យមានសន្តិភាពឆាប់ៗតាមរយៈ ការនិយាយការពិតអំពីស្ថានការណ៍សង្រ្គាមជាភាសាកូរ៉េ នោះពួកគេនឹងទទួលបានឱកាស។ ប៉ុន្តែ លោក ហ្សេលេនស្គីមិនបានបញ្ជាក់ឱ្យច្បាស់នូវអ្វីដែលលោកចង់និយាយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *