(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ។
ខណៈពួកគាត់មិនបាននិយាយ ទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ។
តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះ គឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។
ចំពោះស្រូវដែលធ្វើលក់OM នេះដែរ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។
ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះគឺមានមនុស្សតិចតួចទេដែលបានដឹង។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់។ ដោយឡែកជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ។
សម្រាប់ស្រូវប្រាំងពេលនេះមានបញ្ហាដោយសារយើងសម្រុកធ្វើចង់ចំណេញច្រើន។
បើតាមស្ថិតិការធ្វើស្រូវប្រាំងនាឆ្នាំនេះគឺជាង៧០ម៉ឺនហិកតា ក្នុងទំហំការដាំដុះជាង៧០ម៉ឺនហិកតានេះទម្រាំយើងប្រមូលផលគឺជិត៥លានតោន។
សម្រាប់ជិត៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អញ្ចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះបើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះសុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។
អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះមិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាមOM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថាស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន។
ឯកឧត្តមរដ្ឋមមន្រ្តី សម្រាប់ស្រូវប្រភេទអង្ករខ្មែរយើងអាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវក្នុងស្រុករបស់យើងគេត្រូវការស្រូវប្រភេទបែបនេះសម្រាប់តម្រូវតាមទីផ្សារ។
ដោយឡែកសម្រាប់ប្រភេទស្រូវOMដូចយើងដឹងស្រាប់ហើយគឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្ងួតគឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្រ្តីរបស់យើងបានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូបក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវOMវិញ។
យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើអាស្រ័យតាមពួកគាត់ដោយ ក្នុងនេះបើគាត់ត្រូវការទឹកយើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថាបញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចង់រដូវកាលប្រមូលផល។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា អញ្ចឹងយើងត្រៀមជួយទៅតាមលក្ខខណ្ឌមួយចំនួន តែយ៉ាងណាយើងក៏មិនអាចជួយឱ្យដូចស្រូវខ្មែរយើងដែលមានទីផ្សារ ស្រាប់ដូចសព្វថ្ងៃនេះបានដែរ។
យ៉ាងណាក្រសួងក៏គិតគូរជួយរយៈពេលវែង ហើយក៏ចង់ពិភាក្សាជាមួយប្រជាកសិករផងដែរដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
ក្នុងនេះចង់សួរថាបងប្អូនយើងចង់ក្លាយខ្លួនជាសហគមន៍ទំនើបដែរឬក៏អត់ សម្រាប់សហគមន៍កសិកម្មទំនើបនេះយើងនឹងជួយដល់បងប្អូនប្រជាកសិករយើង ឱ្យត្រឡប់មកធ្វើស្រូវសែនក្រអូប។
ឆ្នាំនេះបងប្អូនខាតជាមួយស្រូវ OM ហើយពិសេសអ្នកដែលជួលដីគេធ្វើស្រូវទាំងនេះគឺដឹងតែខាតហើយ តែសម្រាប់អ្នកមិនបានជួលដីគេទេ គឺអាចទប់ទល់ និងអ្នកដែលមានប្រភពទឹកល្អថែមទៀតអាចចំណេញខ្លះៗបាន។ប៉ុន្តែបើរដូវថ្មីពួកគាត់ចូលរួមជាមួយសហគមន៍កសិកម្មទំនើប គឺពួកគាត់មិនចាំបាច់ចំណាយលើស្រូវថ្មីទៀតទេ។
ដោយក្នុងនេះមានន័យថាក្រសួងកសិកម្មនឹងផ្តល់នូវកម្ចីដល់កសិករក្នុងការធ្វើស្រែតែម្តង។
ខ្ចីហើយកសិករដាំដុះ នៅពេលប្រមូលផលហើយទើបកាត់ថ្លៃកម្ចីទាំងនេះសងដល់ក្រសួងវិញនោះយើងនឹងឃើញប្រាក់ចំណេញតែម្តង។
អត់មានខាតទេ លើកលែងតែអាកាសធាតុអាក្រក់រាំងស្ងួតខ្លាំង តែក៏មានដល់ថ្នាក់បែបនេះដែរ។យ៉ាងណាក្តីបើតាមឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ពេលនេះសហគមន៍កសិកម្មទំនើបមានដើមទុនឱ្យកសិករខ្ចីដោយកសិករមិនព្រួយបារម្ភពីការគ្មានទុនសម្រាប់ដាំដុះស្រូវទៀតទេ។
ការធ្វើកសិកម្មនេះដែរ បើឱ្យខាតគឺមិនខាតទេ គ្រាន់តែចំណេញតិច ឬច្រើនប៉ុណ្ណោះ។ ពេលដែលយើងធ្វើម្នាក់ឯងពេលខ្លះចំណេញក៏ចំណេញកប់ក្តោង តែនៅពេលខាតក៏ខាតធ្ងន់ដែរ៕