កាលពីថ្ងៃចន្ទទី៨ខែកញ្ញា រដ្ឋាភិបាលនេប៉ាល់ បានប្រកាសលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយ និងការហាមឃាត់បណ្ដាញសង្គមធំៗ ដូចជា Facebook, YouTube និង Instagram បានបង្កឲ្យមានភាពចលាចលធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់ស្លាប់ និងរបួសជាង១០០នាក់។
ប្រភពពីសារព័ត៌មានBBC។
ការតវ៉ាដែលផ្ទុះឡើងក្នុងរដ្ឋធានី កាថ្មាន់ដូ បានចាប់ផ្តើមពីការផ្លាស់ប្តូរនយោបាយបន្ទាប់ពីអំពើពុករលួយក្លាយជាបញ្ហាសង្គមធំ។ បណ្តាញសង្គមក្លាយជាវេទិកាដ៏សំខាន់សម្រាប់យុវជនក្នុងយុទ្ធនាការ “ក្មេងនេប៉ូ” ដែលបង្ហាញពីរបៀបរស់នៅដ៏ប្រណិតរបស់កូនអ្នកនយោបាយ និងការចោទប្រកាន់ថាមានអំពើពុករលួយក្នុងរដ្ឋាភិបាល។
ទោះយ៉ាងណា កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានបញ្ជាឲ្យបិទវេទិកាបណ្ដាញសង្គមចំនួន ២៦ ដោយអះអាងថា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការនិយាយស្អប់ និងការក្លែងបន្លំតាមអ៊ីនធឺណិត។ តែការសម្រេចចិត្តនេះបានបញ្ចេញការខឹងសម្បារពីយុវជនរាប់ពាន់នាក់ ដែលបានសម្រុកចូលអគារសភានៅថ្ងៃចន្ទ។
ប៉ូលិសប្រឆាំងបាតុករអំពើហឹង្សាបានផ្ទុះឡើងនៅពេលប៉ូលិសប្រើកាំភ្លើងទឹក គ្រាប់កៅស៊ូ និងឧស្ម័នបាញ់ភ្នែក ដើម្បីបំបែកហ្វូងបាតុករ។ បាតុករខ្លះបានគប់ដុំថ្មចូលទៅក្នុងផ្ទះនាយករដ្ឋមន្ត្រី កេអេប៉ី សាម្រ៉ា អូលី (KP Sharma Oli) នៅស្រុក Damak។
អ្នកតវ៉ា Sabana Budathoki បានប្រាប់ BBC ថា “ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺគ្រាន់តែជាហេតុផល។ ជាក់ស្តែង អ្វីដែលយើងប្រយុទ្ធគឺអំពើពុករលួយ។ យើងចង់ឃើញប្រទេសយើងត្រឡប់មកវិញ។”
ប្រតិកម្មពីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី អូលី បាននិយាយថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត និងការរងរបួស ប៉ុន្តែបានស្តីបន្ទោសលើ “ការជ្រៀតចូលដោយក្រុមផលប្រយោជន៍ផ្សេងៗ” ដែលបង្កើនភាពតានតឹង។
រដ្ឋាភិបាលបានសន្យាបង្កើតក្រុមស៊ើបអង្កេតពិសេស ហើយនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារអ្នកស្លាប់ និងព្យាបាលឥតគិតថ្លៃដល់អ្នករងរបួស។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីមហាផ្ទៃ Ramesh Lekhak បានប្រកាសលាលែងចេញ បន្ទាប់ពីរងការរិះគន់ច្រើនចំពោះការប្រើប្រាស់កម្លាំងលើអ្នកតវ៉ា៕