Update៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនហើយ!

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកស៊ើបអង្កេត នៅកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ តាមដីកាតុលាការ។

ប្រភពពីសារព័ត៌មាន AFP។

លោក Yoon Suk Yeol ត្រូវចោទប្រកាន់ពីការដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធ នឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ។
ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែមករា) នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)។

តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតី កំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

នៅព្រឹកទី១៥នេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ ប្រហែលជា ៣.០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២។
មុនពេលការចាប់ខ្លួន មេធាវីរបស់លោក Yoon បាននិយាយថា លោកប្រធានាធិបតី នឹងយល់ព្រមបង្ហាញខ្លួននៅឯការិយាល័យរបស់ក្រុមអ្នកស៊ើបអង្កេត ប្រសិនបើកងកម្លាំងដកថយចេញពីនិវេសនដ្ឋាន។

តែក្រោយចាប់ខ្លួន មេធាវីរបស់លោក Yoon បានអះអាងថា ការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតី គឺជាទង្វើខុសច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *