លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងពិភាក្សាគ្នាអំពីមជ្ឈិមបូព៌ា ព្រមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១៧ ខែមករា អំឡុងដំណើរទស្សនកិច្ចរបស់លោក Pezeshkian ទៅកាន់ប្រទេសរុស្ស៊ី។
ប្រភពពីសារព័ត៌មានReuters។
លោក Putin និងលោក Pezeshkian ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលប្រទេសទាំងទន្ទឹងរង់ចាំជាយូរមកហើយ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ជាសកម្មភាពមួយដែលនឹងបង្កក្ដីព្រួយបារម្ភដល់លោកខាងលិច។ តាមវិមានក្រឹមឡាំង ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់បាននឹងកំពុងរះឡើង ហើយចាប់ផ្ដើម រីកចម្រើនទៅមុខយ៉ាងលឿនឈរលើគោលការណ៍គោរពគ្នា និងគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក។
វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៀតថាមេដឹកនាំនៃប្រទេសទាំង២ ទំនងជានឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសស្ថានការណ៍វិវត្តន៍ក្នុងតំបន់ មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងនៅស៊ីរី និងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈស្ថានការណ៍ក្នុងតំបន់ Caucasus និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ងក៏ស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចពិភាក្សារវាងលោក Putin និងលោក Pezeshkian ផងដែរ៕