សម្តេចធិបតី អះអាងថា ក្រុមជ្រុលនិយម១ក្ដាប់តូច នៅក្រៅស្រុក បន្តញុះញង់ពលរដ្ឋឱ្យមានកំហឹងមកលើរដ្ឋាភិបាល!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក បានចាក់សាំងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ប្រជាពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ខណៈពេលដែលពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ដូចជា វិធីសាស្រ្តដាំដុះ ការបែងចែកដីធ្វើស្រែ និងការស្វែងរកទីផ្សារនៅក្រៅប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្ដេច បានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *