Update៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៤នាក់ ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន២០០នាក់!

កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)ភាពអបអរសាទរ បានកើតឡើងនៅប្រទេសអ៊ីស្រាអែល និងដែនដីកាន់កាប់ប៉ាឡេស្ទីនវ៉េសប៊ែង ខណៈដែលចំណាប់ខ្មាំងត្រូវបានដោះលែង ក្នុងការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ តំបន់ហ្កាហ្សា ។

នៅក្នុងប្រទេសអ៊ីស្រាអែល ទាហានស្រី ៤នាក់ដែលបានជួបជុំគ្នាវិញជាមួយគ្រួសាររបស់ពួកគេ ត្រូវបានមើលឃើញនៅក្នុងរូបភាពវីដេអូឃ្លីបបញ្ចេញដោយយោធាអ៊ីស្រាអែល ។

ពេលដែលនាង Liri Albag ឱបឪពុកម្តាយរបស់នាងជាលើកដំបូងក្នុងរយៈពេល ១៥ខែ ម្តាយរបស់នាង បាននិយាយប្រាប់នាងថា “អ្នកគឺជាវីរនារី អ្នកវិលត្រឡប់មកផ្ទះវិញហើយ”។

នាង Liri Albag និងនាង Karina Ariev, Daniella Gilboa ហើយនិងនាង Naama Levy នៅមុននេះ ពួកគេត្រូវបានក្រុមហាម៉ាស់ប្រគល់ជូនគណៈកម្មាធិការកាកបទក្រហមអន្តរជាតិ នៅមុខហ្វូងមនុស្សក្នុងទីក្រុងហ្កាហ្សា ។

ពួកនាងទាំង ៤នាក់ បានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

មាននូវទិដ្ឋភាពស្រដៀងគ្នានេះផងដែរក្នុងទីក្រុង Ramallah របស់តំបន់វ៉េសប៊ែង ពេលដែលហ្វូងមនុស្ស រួមទាំងសមាជិកគ្រួសារ ស្វាគមន៍អ្នកទោសប៉ាឡេស្ទីនវិលត្រឡប់មកផ្ទះវិញ ។ សេវាកម្មពន្ធនាគារអ៊ីស្រាអែល និយាយថា អ្នកទោសប៉ាឡេស្ទីន ២០០នាក់ ត្រូវបានដោះលែង ។

ការដោះដូរនេះ គឺជាការដោះដូរលើកទី ២ បានកើតឡើងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ។
បទឈប់បាញនេះ អំពាវនាវឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរ ៣៣នាក់ដែលជាស្រ្តី កុមារ មនុស្សចាស់ អ្នកឈឺ និងអ្នករងរបួស ៕

Leave a Reply

Your email address will not be published. Required fields are marked *