អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ដាក់មីក្រូស្រែក ហាមមិនឱ្យដុតផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម!

(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤។

ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយ និងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។
លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងប្រជុំគណៈបញ្ជាការឯកភាពកាលពីរសៀលថ្ងៃទី ២៧ ខែមករា ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសា សន៍ថា បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យ អាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។
ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុង ជ្រោយនូវឡើយ។
លោកចៅហ្វាយក្រុងបានបន្តថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិតពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មនិងបុណ្យចូលឆ្នាំចិន-វៀតណាមតែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតដឹងហើយ។
ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។
លោកឃួង ស្រេង បានថ្លែងទៀតថា៖ អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។
ត្រូវល្បាតជាប្រចាំដើម្បីទប់ស្កាត់ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ការដុតផាវ វាមិនចំណេញទេ នៅឯប្រទេសចិនគេលែងដុតផាវហើយ យើងល្មមបញ្ចប់ហើយដែរ។
ត្រូវណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។
លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។

បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។
ដោយឡែកនៅតំបន់ស្មុកស្មាញ តំបន់មិនរៀប រយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេស ប្រជាការ ពារ សង្កាត់ ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ចំពោះគ្រប់គ្រងជនឥន្តោប្រវេស្សន្ន ក៏ត្រូវធ្វើឱ្យបាន៕

Leave a Reply

Your email address will not be published. Required fields are marked *