Update៖ អឺរ៉ុប នឹងដំឡើងថ្លៃពន្ធសម្រាប់ការនាំចូល ផលិតផលកសិកម្មពីរុស្ស៊ីនិងបេឡារុស្ស!

សហភាពអឺរ៉ុប បានស្នើយកពន្ធគយ លើផលិតផលកសិកម្ម ដែលនៅសេសសល់មិនទាន់ដកហូតពន្ធរបស់ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស្ស ក៏នឹងរួមបញ្ចូលទាំងជីមួយចំនួន ដែលមានមូលដ្ឋានលើអាសូត។
ប្រភពពីព័ត៌មាន Bloomberg News។

រដ្ឋសមាជិកជាច្រើននៃសភាពអឺរ៉ុបបាននិងកំពុងជំរុញឱ្យមានវិធានការរឹតត្បិតបន្ថែមទៀតលើប្រាក់ចំណូលរបស់រុស្ស៊ី និងកាត់បន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុបលើទីក្រុងម៉ូស្គូ។ ប៉ុន្តែមានការព្រួយបារម្ភមួយចំនួនអំពីការកំណត់គោលដៅទៅលើផលិតផលកសិកម្មដែលនៅសេសសល់ ពីការដកហូតពន្ធគយទាំងនេះដោយសារតែវាអាចជះឥទ្ធិពលលើតម្លៃអាហារនៅអឺរ៉ុប។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Maros Sefcovic ត្រូវបានដកស្រង់សម្ដីដោយភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «យើងមានបំណងធ្វើឱ្យសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ីចុះខ្សោយបន្ថែមទៀត ខណៈពេលដែលកាត់បន្ថយការពឹងអាស្រ័យរបស់សហភាពអឺរ៉ុប [លើរុស្ស៊ី] គាំទ្រដល់ឧស្សាហកម្មរបស់យើង និងការថែរក្សាសន្តិសុខស្បៀងអាហារពិភពលោក»។ លោកបានបន្ថែមថា៖ «យើងនឹងចាត់វិធានការគ្រប់ជំហានចាំបាច់ដើម្បីការពារឧស្សាហកម្មជី និងកសិកររបស់យើង»។
មិនដូចទៅនឹងទណ្ឌកម្មដែលតម្រូវឱ្យមានសំឡេងគាំទ្រជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកចំនួន ២៧ ការដកហូតពន្ធគយទាំងនេះគ្រាន់តែត្រូវអនុម័តដោយសំឡេងភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះ ពោលគឺរដ្ឋសមាជិកចំនួន១៥ ដែលតំណាងឱ្យ ៦៥% នៃចំនួនប្រជាជននៃប្លុកនេះ។
ការចាត់វិធានការណាមួយលើជីកសិកម្មទំនងជាទទួលបានស្វាគមន៍ដោយឧស្សាហកម្មសារធាតុចិញ្ចឹមដំណាំរបស់អឺរ៉ុប ដែលបាននិងកំពុងបញ្ចុះបញ្ចូលឱ្យមានវិធានការការពារបន្ថែមទៀត។ ស្ថិតក្រោមសំណើរបស់សហភាពអឺរ៉ុប ការនាំចេញទៅកាន់ប្រទេសមិនមែនសហភាពអឺរ៉ុប ឬការផ្ទេរទំនិញកសិកម្មទៅកាន់ប្រទេសទាំងនោះ នឹងមិនរងផលប៉ះពាល់ដោយពន្ធគយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *