Update៖ នាយករដ្ឋមន្ត្រីកាតា ជំរុញឱ្យហាម៉ាស់-អ៊ីស្រាអែល ចាប់ផ្តើមចរចាបទឈប់បាញ់ដំណាក់កាលទី២ជាបន្ទាន់!

កាលពីថ្ងៃអាទិត្យ(ទី២ខែមករា)នាយករដ្ឋមន្ត្រីប្រទេសកាតាលោក Sheikh Mohammed bin Abdulrahman Al Thani នេះបានអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ចាប់ផ្តើមជាបន្ទាន់នូវការចរចាដំណាក់កាលទី២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ដោយលោកបានបញ្ជាក់ថា មិនទាន់មានផែនការច្បាស់លាស់ សម្រាប់ការចរចានេះនៅឡើយទេ។

ប្រភពពីសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី ក្នុងរដ្ឋធានីដូហា លោក Al Thani បានថ្លែងថា «យើងទាមទារឱ្យក្រុមហាម៉ាស់និងអ៊ីស្រាអែល ចូលរួមភ្លាមៗ ដូច មានចែងក្នុងកិច្ចព្រមព្រៀង»។

យោងតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ការចរចាលើការអនុវត្តដំណាក់កាលទីពីរ គួរតែ ចាប់ផ្តើមមុនថ្ងៃទី១៦ នៃបទឈប់បាញ់ដំណាក់កាលទី ១ ដែលត្រូវនឹងថ្ងៃចន្ទ។

គួរបញ្ជាក់ថា កាលពីខែមុន អ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងស្មុគស្មាញមួយ មានបីដំណាក់កាលដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង១៨នាក់ ជាថ្នូរនឹងការដោះលែងជនជាតិ ប៉ាឡេស្ទីនរាប់រយនាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ នៅមានចំណាប់ខ្មាំងជាង ៧០នាក់ទៀតត្រូវបានឃុំខ្លួននៅហ្គាហ្សា។

ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងត្រូវបានគេរំពឹងថា នឹរួមមានការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ទាំងអស់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ និង ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ឡោមព័ទ្ធ។

គួរជម្រាបថា លោក Al Thani បញ្ជាក់ ថា អ្នកសម្រុះសម្រួលកំពុងទាក់ទងជាមួយទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ហើយកាតាបានកំណត់របៀបវារៈសម្រាប់ដំណាក់កាលបន្ទាប់រួចហើយ។ «យើងសង្ឃឹមថា យើងចាប់ផ្តើមឃើញចលនាមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខ» លោកបាន បន្ថែម៕

Leave a Reply

Your email address will not be published. Required fields are marked *