Update៖ ថៃ​ កាត់​ផ្តាច់​ការផ្គត់ផ្គង់​ថាមពលនៅតំបន់ព្រំដែនជាមួយមី​យ៉ាន់​ម៉ា ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆបោក!

ប្រទេសថៃកាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់នាៗក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆបោក បន្ទាប់ពីនោះមកមានការតវ៉ាជាសាធារណៈទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហានេះ។

ប្រភពពីសារព័ត៌មានAP។

យោងតាមអង្គការសហប្រជាជាតិ (UN) មនុស្សរាប់ម៉ឺននាក់ ត្រូវបានបណ្តាញក្រុមឧក្រិដ្ឋជនបោកប្រាស់ ហើយក្លាយជាជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមមជ្ឈមណ្ឌលឆបោក ក៏ដូចជាប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ រួមមានទាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ របាយការណ៍ឆ្នាំ២០២៣ របស់ UN បានប៉ាន់ប្រមាណថា ប្រតិបត្តិការដែល​រីកដុះដាលយ៉ាងឆាប់រហ័សទាំងនេះ រកចំណូលបានខ្ទង់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ទទួលបានការយកចិត្តទុកដាក់ខ្លាំងសាជាថ្មី បន្ទាប់ពីតារាសម្តែងចិន ម្នាក់ឈ្មោះ Wang Xing ត្រូវបានគេបោកប្រាស់ ក្រោយពេលមកដល់ ព្រលានយន្តហោះ នៅប្រទេសថៃ កាលពីខែមុន។ ប៉ុន្មានថ្ងៃក្រោយមក តួសម្តែងរូបនោះ ត្រូវបានប៉ូលិសថៃរកឃើញ និងជួយសង្រ្គោះមកវិញ ពីក្នុងប្រទេសមីយ៉ាន់ម៉ា។

ចាប់តាំង​ពី ពេលនោះមក ប្រទេសថៃ បានព្រួយបារម្ភជាខ្លាំង អំពីផលប៉ះពាល់នៃករណីនេះ មកលើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ហើយបានខិតខំព្យាយាមរំងាប់ ក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព របស់អ្នកទេសចរមកពីប្រទេសចិន ដែលជាប្រភពភ្ញៀវទេសចរដ៏ចម្បង។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានស្នើឱ្យថៃចូលរួម ទប់ស្កាត់លំហូរធនធាននានា ទៅកាន់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលកំពុងបង្កគ្រោះថ្នាក់ ចំពោះពលរដ្ឋចិន។ កាលពីខែមុន សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក្នុងអត្ថបទកម្រមួយ ស្តីពីមជ្ឈមណ្ឌលឆបោកអនឡាញ បាននិយាយថា ធនធានចាំបាច់ដូចជា ថាមពលអគ្គិសនី និងអ៉ីនធើណិត ជាដើម គឺមិនមែនត្រូវបាន​ផ្តល់ដោយមីយ៉ាន់ម៉ាផ្ទាល់ឡើយ គឺដោយប្រទេសដទៃ ដែលហាក់ចង់សំដៅលើប្រទេសថៃ។ បើតាមប្រភពដដែល គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ ជនបរទេសសរុបជាង ៥៥ ០០០នាក់ ដែលភាគច្រើនបំផុតគឺជាជនជាតិចិន ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមកន្លែងឆបោក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version