Update៖ លោកត្រាំ ចង់បិទក្រសួងអប់រំអាមេរិក ដើម្បីកាត់បន្ថយការចំណាយ!

កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានបំណងចង់បិទក្រសួងអប់រំប៉ុន្តែលោកត្រូវការការគាំទ្រសហការពីសភា ព្រមទាំងពីសហជីពគ្រូបង្រៀនដើម្បីអាចសម្រេចគោលដៅ។

ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ត្រាំ បានចំណាយពេលប៉ុន្មានសប្តាហ៍ដំបូង ក្រោយស្បថចូលកាន់តំណែង ផ្តោតលើកិច្ចប្រឹងប្រែងកែទម្រង់ទ្រង់ទ្រាយធំ ចំពោះ រដ្ឋាភិបាលអាមេរិក ដូចជាទាមទារឱ្យបុគ្គលិករដ្ឋ ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ បើមិនដូច្នោះត្រូវលាឈប់, ស្វែងរក វិធីកាត់បន្ថយចំណាយនិងការងារ, រុះរើឬព្យាយាមបិទទីភ្នាក់ងារផ្សេងៗ ដូចជាទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ជាដើម។
មន្រ្តីសេតវិមានមួយរូប បានឱ្យដឹងថា បើតាមការរំពឹងទុក លោក ត្រាំ នឹងចេញបញ្ជាប្រតិបត្តិមួយ ក្នុងខែកុម្ភៈនេះ ដែលនឹងបង្គាប់ ឱ្យរដ្ឋមន្រ្តីអប់រំ រៀបចំផែនការដើម្បីបិទក្រសួងអប់រំ។ លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាទាំងអស់ ប៉ុន្តែគុណភាពអប់រំ ស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយអ្វីដែលលោកចង់បាននោះ គឺទុកឱ្យ រដ្ឋជាអ្នកទទួលបន្ទុកគ្រប់គ្រងលើសាលារៀនវិញ។
លោកប្រធានាធិបតីអាមេរិក បានបន្តថា លោកចង់អាចបិទក្រសួងអប់រំ ដោយត្រឹមតែប្រើបទបញ្ជាប្រតិបត្តិ ប៉ុន្តែទទួលស្គាល់ថា លោកនឹងត្រូវធ្វើការជាមួយសភា ព្រមទាំងសហជីពគ្រូបង្រៀន ដើម្បីសម្រេចរឿងនេះ។ ឧបសគ្គចម្បងរបស់លោក ត្រាំ គឺនៅ ព្រឹទ្ធសភាអាមេរិក ជាទីដែលបក្សសាធារណរដ្ឋ គ្រប់គ្រង៥៣អាសនៈ ប៉ុន្តែសេចក្តីព្រាងច្បាប់ធំៗ ដូចជាច្បាប់ដើម្បីបិទក្រសួង ជាដើម ត្រូវការសំឡេងគាំទ្រសរុប៦០អាសនៈ ពោលគឺត្រូវការការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ យ៉ាងហោច៦នាក់។ ពុំទាន់មានសញ្ញាបង្ហាញថា សមាជិកបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក នឹងគាំទ្រការរំលាយក្រសួងអប់រំ នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version