អ្នកស្រុកអង្គរនៅតែបន្ដធ្វើពិធីចាប់ត្រីរួមគ្នារៀងរាល់ខែមាឃ!

(សៀមរាប)៖ ពិធីចាប់ត្រីរួមគ្នាដែលធ្វើឡើងរៀងរាល់ខែមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះឱ្យប្រើតែឧបករណ៍បុរាណប៉ុណ្ណោះ ។នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ក្មេង ប្រុស ស្រីជាច្រើនរយនាក់។ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា មុនចុះចាប់ត្រី នាម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផងដែរ។ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានដែរ។ គណៈកម្មការរៀបចំកម្មវិធី បានប្រកាសជាសាធារណៈ ឱ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ជាតំបន់រមណីដ្ឋានអង្គរ ខេត្ដសៀមរាប ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។ លោកបានបន្តថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៥នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងបឹងសហគមន៍សម្រាប់ឆ្នាំនេះហាក់សំបូរត្រីច្រើនជាងឆ្នាំមុន ព្រោះកាលពីរដូវវស្សាកន្លងមក អាជ្ញាធរបានព្រលែងត្រីជាច្រើនប្រភេទប្រមាណ១ម៉ឺនក្បាលនៅក្នុងបឹងដែលធ្វើឱ្យអ្នកចូលរួមចាប់ត្រីពីក្នុងបឹងសហគមន៍នេះ មានភាពសប្បាយរីករាយ។
លោកបន្តថាឆ្នាំនេះ មានភាពកុះករជាងឆ្នាំមុនៗ ដោយបើកឱ្យចាប់ត្រីជាសាធាណៈ ដោយមិនគិតថា ប្រជាពលរដ្ឋនៅក្នងសហគមន៍ ឬមកពីទីជិតឆ្ងាយនោះទេ គឺពួកគាត់អាចរកត្រីបានដូចគ្នា ដោយប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ លោកបន្ថែមថា សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលឆ្នាំមុន។ ប៉ុន្តែអ្នកចូលរួមមានចំនួនច្រើនជាងឆ្នាំមុនៗ។លោកបន្ថែមថា ប្រជាពលរដ្ឋនឹងបន្ដថែរក្សាប្រពៃណីដូនតាចាប់ត្រីនេះជារៀងរហូត ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្ដ ដោយពួកគាត់ នឹងអភិរក្សត្រីក្នុងបឹងសហគមន៍មួយនេះនៅឆ្នាំក្រោយៗទៀត។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា បឹងសហគម៍មួយនេះ ត្រូវបានព្រលែងកូនត្រីប្រមាណមួយម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឱ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឱ្យកត់សំគាល់។លោកបន្ថែមថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរបានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។
លោកបានបន្តថា ពិធីនេះមានសារៈសំខាន់ណាស់ទី១ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ទី២ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ និងអ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេល។ស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ និងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ។
លោកបានបន្តថា កាលពីមុនពិធីចាប់ត្រីនេះ អ្នកមកចូលរួមគឺមានអ្នកភូមិបង្កោងប៉ុណ្ណោះ។ ប៉ុន្តែឥឡូវដោយមានការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឱ្យមានការចូលរួមច្រើនមកពីគ្រប់ទិសទី មានទាំងភ្ញៀវទេសចរបរទេសផងដែរ។ ដូចនេះអាជ្ញាធរមានគម្រោងបន្តលែងកូនត្រីនៅក្នុងបឹងនេះបន្ថែម ហើយដល់ខែទឹកឡើងដាក់ព្រួលការពារកុំឱ្យត្រី នៅក្នុងបឹងនេះកុំឱ្យត្រីចេញទៅខាងក្រៅ ជាពិសេសនោះ គឺអាជ្ញាធរមានគម្រោងរៀបចំធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តការពារបឹងនេះទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *