ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌!

(ភ្នំពេញ)៖ នៅព្រឹកទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនោះសម្តេចតេជោ បានមានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។

សម្តេចតេជោ បានថ្លែងកោតសរសើរសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏ល្អរបស់សម្តេច វង្ស អានេតា បានធ្វើឱ្យវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់ ដោយផ្តើមចេញពីវាលស្រែ។

សម្តេចតេជោ បានលើកឡើងថា ការគ្រប់គ្រង និងដឹកនាំគឺមានសារៈសំខាន់ណាស់ ការដឹកនាំដែលត្រឹមត្រូវ នឹងធ្វើឱ្យជាតិ ឬស្ថាប័នមួយមានការរីកចម្រើន។

សម្តេចតេជោ ក៏បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការ​រំដោះ​ចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បាន​ធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ។

សម្តេចតេជោ បានថ្លែងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

សម្តេចតេជោ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល និងនៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូប ដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេចតេជោ ក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។
សម្តេចតេជោ បានថ្លែងថា ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺជារឿងសំខាន់ ហើយមានមនុស្សយកចិត្តទុកដាក់ខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ។

សម្តេចតេជោ បានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំនេះ ត្រូវបានយកចិត្តទុកដាក់ ព្រោះមានការព្រួយបារម្ភពីស្ថានភាពរបស់កម្ពុជា។
សម្តេចតេជោ បានថ្លែងថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ។

សម្តេចតេជោ បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះតម្លៃស្រូវ។ សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាតម្លៃនេះ ដោយសារការបញ្ចេញអង្កររបស់ប្រទេសជាអ្នកផ្គត់ផ្គង់អង្ករ ជាពិសេសប្រទេសឥណ្ឌា។

ករណីដែលផ្តាំទៅអ្នកនិយាយថា តើពេលណា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើរចេញផុតពីស្រមោលរបស់សម្តេចតេជោ?។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចដើរចេញពីបន្ទាត់ នយោបាយរបស់បក្សនោះឡើយ។

សម្តេចតេជោ បានថ្លែងថា អ្នកបន្តវេនមិនអាចដើរចេញពីស្រមោលនៃបន្ទាត់នយោបាយរបស់បក្សនោះឡើយ។
សម្តេចតេជោ បានថ្លែងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។

សម្តេចតេជោ បានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។

សម្តេចតេជោ បានថ្លែងថា សម្តេច ហ៊ុន ម៉ាណែត ពេលឡើងធ្វើនាយករដ្ឋមន្ត្រីអត់មានផ្ទះនោះទេ។ ដូច្នេះសម្តេចបានសម្រេចធ្វើផ្ទះជូន ដែលនៅជាប់ផ្ទះរបស់សម្តេច។

សម្តេចតេជោ បានថ្លែងថា ការមិនលូកលាន់កិច្ចការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបធ្វើឱ្យការដឹកនាំរបស់សម្តេចមានភាពរឹងមាំ។
សម្តេចតេជោ បានថ្លែងថា នាយករដ្ឋមន្ត្រី ដែលដឹកនាំផ្ទុយពីគោលនយោបាយបក្ស ទោះបីជាកូន ក៏ត្រូវដកចេញពីតំណែងដែរ។

សម្តេចតេជោ បានទម្លាយថា កាលពីឆ្នាំកន្លងទៅ មានក្រុមអ្នកសារព័ត៌មានទៅសាកលវិទ្យាប្រ៊ីស្តូលរបស់អង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ពេលនោះហើយ ដែលសម្តេច បានស្នើសម្តេចមហាបវរធិបតី ឱ្យបញ្ចេញនិក្ខេបបទ ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់។

សម្តេចតេជោ បានចំអកទៅទណ្ឌិតរស់នៅក្រៅសំណាញ់ច្បាប់ថា អ្នកល្ងង់កំពុងដឹកនាំប្រទេស រីឯអ្នកឆ្លាតរត់ចោលស្រុក។ អ្នកល្ងង់បានប្រើអ្នកឆ្លាតកែច្បាប់នៅរដ្ឋសភាពីប្រព័ន្ធ ២ភាគ៣ មក ៥០ បូក១។

សម្តេចតេជោ ស្នើសុំរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មកជួយរៀបចំការងារពេលសម្តេចអញ្ជើញចុះក្នុងវេទិកាសាធារណៈ។
សម្តេចតេជោ ជួយសាងសង់អគារសិក្សា១ខ្នង ៤ជាន់បន្ថែមទៀត នៅវត្តព្រះឥន្ទសាមគ្គីធម៌។

សម្តេចតេជោ ជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌។

សំណើសុំក្របខណ្ឌគ្រូដែលកំពុងបង្រៀននៅសាលាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ សម្តេចតេជោ មិនសម្រេចនោះឡើយ ដោយទុកលទ្ធភាពសម្រេចលើការពិនិត្យរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ទម្លាយថា មានអ្នករៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ។
សម្តេចតេជោ បានថ្លែងថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់សំណង់នៅវត្តព្រះឥន្ទសាមគ្គីធម៌ មិនបានប្រើថវិកាជាតិនោះឡើយ។

សម្តេចតេជោ ប្រកាសស្វាគមន៍ស្ត្រីម្នាក់នៅក្រៅប្រទេស ដែលប្រកាសកម្ចាត់ត្រកូល ហ៊ុន។
សម្តេចតេជោ បានថ្លែងថា សម្តេចមិនយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ គ្មានការចាំបាច់រកថ្នាំពេទ្យ និងឧបករណ៍សង្គ្រោះសពដែលគេយកទៅកប់ហើយនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version