(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទម្លាយសារសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនកាវភេរវកម្មប៉ុនប៉ងធ្វើឃាត លើសម្តេច និងគ្រួសារដោយប្រើដ្រូន វាយប្រហារចូលភូមិគ្រឹះរបស់សម្តេច…!។
នៅតាម Facebook និងប្រព័ន្ធ Telegram នៅថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ ។
យើងដឹងមេធំរបស់គេជាអ្នកណានៅទីណាបើយ? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ។
សម្តេចតេជោ បានចោទជាសំណួរថា យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។
ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។
ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ»៕