Update៖ អាមេរិក និយាយថាគ្រប់ភាគីទាំងអស់ត្រូវធ្វើសម្បទាន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!

ក្រោយពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីត មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី១៨ខែកុម្ភៈ)ថា គ្រប់ភាគីទាំងអស់នឹងត្រូវធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំនៅអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានថ្លែង បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដថា «ថ្ងៃនេះគឺជាជំហានដំបូង នៃដំណើរដ៏វែងឆ្ងាយនិងលំបាក ប៉ុន្តែជាជំហានដ៏សំខាន់មួយ»។
លោក Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីព្យាយាមបញ្ចប់សង្គ្រាម ហើយថាគោលដៅគឺស្វែងរកកិច្ចព្រមព្រៀងមួយ ដែលមានភាពត្រឹមត្រូវ យូរអង្វែង និងនិរន្តរភាព។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz ដែលជាសមាជិកមួយរូប ក្នុងចំណោមគណៈប្រតិភូអាមេរិក រួមទាំងបេសកជនពិសេស លោក Steve Witkoff បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានកាលបរិច្ឆេទណាមួយ ត្រូវបានកំណត់សម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឡើយទេ។
ទន្ទឹមនឹងនោះ គណៈប្រតិភូអាមេរិកបានបញ្ជាក់ថា ការចរចានឹងរួមបញ្ចូលទាំង ការពិភាក្សាអំពីបញ្ហាទឹកដី និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ បច្ចុប្បន្ន ប្រទេសរុស្ស៊ីកំពុងគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
ចំពេលមានការព្រួយបារម្ភ ពីអ៊ុយក្រែន និងក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហរដ្ឋអាមេរិក លោក Rubio បានអះអាងថា គោលដៅរបស់អាមេរិក គឺជាកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ រួមទាំងអ៊ុយក្រែន ដៃគូអឺរ៉ុប និងរុស្ស៊ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version