Update៖ លោក យូន ចូលក្នុងសវនាការនៅថ្ងៃទី២០នេះ ក្រោយត្រូវបានចាប់ខ្លួន!

លោក យូន សុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង ព្យួរតំណែង បានចូលរួមក្នុងសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ដែលបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់ អាជ្ញាសឹកមិនបានសម្រេច។

ប្រភពពីសារព័ត៌មាន AFP។

លោក យូន មានអាយុ៦៤ឆ្នាំ និងជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានជាប់ឃុំឃាំង ចាប់តាំងពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់នៃអំពើបះបោរ ដែលអាចឱ្យរូបលោកប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតឬរហូតដល់ត្រូវប្រហារជីវិតប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពមែននោះ។

សវនាការលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក យូន បានចាប់ផ្ដើមនៅម៉ោង១០ព្រឹក (ម៉ោងនៅសេអ៊ូល) នៅថ្ងៃព្រហស្បតិ៍នេះ នៅឯតុលាការក្នុងមណ្ឌលកណ្ដាលទីក្រុងសេអ៊ូល។
ជាមួយវត្តមានរបស់លោក យូន បន្ទប់សវនាការ ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈអ្នកគាំទ្រម្នាក់របស់លោក យូន បានស្លៀកពាក់សម្លៀកបំពាក់ Captain America នៅខាងក្រៅរង្វង់ការពារសន្តិសុខ។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោក យូន ថាជាមេដឹកនាំនៃអំពើបះបោរ អំឡុងរូបលោកប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *