សមត្ថកិច្ច រកឃើញជនបរទេស២៣០នាក់ សំងំធ្វើប្រតិបត្តិការអនឡាញដោយខុសច្បាប់!

(ភ្នំពេញ)៖ សមត្ថកិច្ច ក្រសួងមហាផ្ទៃ បានឆ្មក់ចូលបង្ក្រាប ទីតាំងលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន។

-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤.០២.២០២៥។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាងបីខែកន្លងមក។
ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជា ដ៏ម៉ឺងម៉ាត់បំផុតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។
ជនបរទេសទាំងនោះកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុង ស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។

ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅ ស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version